ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំអភិបាលរង រាជធានី-ខេត្ត ទទួលបន្ទុកអ្នកនាំពាក្យ ត្រូវមានភាពសកម្មថែមទៀត ដើម្បីផ្តល់ព័ត៌មាន ឱ្យទូលំទូលាយ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអភិបាលរងរាជធានី-ខេត្ត ដែលទទួលបន្ទុកកិច្ចការនាំពាក្យ ត្រូវមានភាពកាន់តែសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព និងបង្កើនទំនាក់ទំនងល្អ ព្រមទាំងផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ ។

នាឱកាសអញ្ជើញបិទ កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រនយោបាយព័ត៌មាន» ដែលប្រារព្ធធ្វើឡើងនៅទីស្ដីក្រសួងមហាផ្ទៃ នារសៀល ថ្ងៃព្រហស្បតិ៍ទី១២ ខែមករា ឆ្នាំ២០២៣ សម្ដេច ស ខេង មានប្រសាសន៍ថា «សូមអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ទទួលបន្ទុកកិច្ចការនាំពាក្យ ត្រូវមានភាពកាន់តែសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព និងបង្កើន ទំនាក់ទំនងល្អ និងជិតស្និតជាមួយ និងមន្ទីរអង្គភាពជំនាញ ជុំវិញរាជធានី-ខេត្ត ក៏ដូចជា ការរៀបចំយុទ្ធសាស្ត្រព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីភាពជោគជ័យ ក្នុងការផ្តល់ព័ត៌មាន ឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងកិច្ចទទួលខុសត្រូវលើការដឹង និងការយល់របស់ប្រជាពលរដ្ឋ ដែលអាចចូលរួមយ៉ាងជិតស្និត ទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងបរិយាបន្ន» ។

សម្ដេច បន្ដថា អ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមនឹងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ចូលរួមសហការដោយឆន្ទៈខ្ពស់ ដើម្បីពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាល រាជធានី-ខេត្ត ក្នុងន័យរៀចំយន្តការច្រកព័ត៌មានទុកតែមួយ ហើយបញ្ចេញ តាមច្រកតែមួយ តាមរយៈការបំផុសការផ្សព្វផ្សាយ (វេទិកាសាធារណៈ និងការឆ្លើយឆ្លងតាមរលកអាកាសវិទ្យុ និងបណ្តាញសង្គមនានា) នូវរាល់សមិទ្ធផល ជាក់ស្តែងដែលកើតចេញពីការប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លើសពីនេះ សម្ដេច ឧបនាយករដ្ឋមន្ដ្រី ក៏មានសង្ឃឹមយ៉ាងមុតមាំថា អ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ ក៏ដូចជាអ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៅ ថ្នាក់ក្រោមជាតិ ប្តេជ្ញារួមគ្នាសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចថែរក្សា ការពារផលប្រយោជន៍រួមរបស់ជាតិ ក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាល រួមគ្នាជាមួយប្រជាពលរដ្ឋកម្ពុជាផងដែរ។

សម្ដេច បន្ថែមថា ក្នុងសម័យកាលសកលភាវូបនីយកម្ម គ្រប់ផលិតផល និងសេវាកម្មត្រូវការព័ត៌មាន ដើម្បីផ្សព្វផ្សាយទៅកាន់អតិថិជន យ៉ាងណាមិញ រាជរដ្ឋាភិបាល ក៏ត្រូវការព័ត៌មាន ដើម្បីផ្សព្វផ្សាយ និងជាស្ពានទំនាក់ទំនងទៅកាន់ប្រជាពលរដ្ឋ ៕

To Top