ព័ត៌មានជាតិ

CMAC នឹងរៀបចំវគ្គហ្វឹកហ្វឺន សកម្មភាពកំចាត់មីនមនុស្សធម៌ ជូនមន្ដ្រីជំនាញអ៊ុយក្រែន

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នឹងរៀបចំវគ្គហ្វឹកហ្វឺន សកម្មភាពកំចាត់មីនមនុស្សធម៌ ជូនមន្ដ្រីជំនាញបោស សម្អាតមីនប្រទេសអ៊ុយក្រែន ព្រោះអ៊ុយក្រែន កំពុងបង្កគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ដោយសារសង្គ្រាម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMAC នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋាភិបាលជប៉ុន បានផ្ដល់ការគាំទ្រដល់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ក្នុងការរៀបចំវគ្គហ្វឹកហ្វឺន សកម្មភាពកំចាត់មីនមនុស្សធម៌ជូនដល់ មន្ត្រីជំនាញបោសសម្អាតមីន ប្រទេសអ៊ុយក្រែន»។

CMAC បន្ដថា បញ្ហាគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយសារសង្គ្រាមនៅលើទឹកដី នៃប្រទេសអ៊ុយក្រែន បាន និងកំពុងបង្កគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ហើយក៏ជាឧបសគ្គចំពោះ ប្រជាពលរដ្ឋអ៊ុយក្រែនដែលមាន បំណងវិលត្រឡប់ទៅកាន់ លំនៅដ្ឋានរបស់ពួកគាត់វិញ។ ដូចនេះ កិច្ចការបោសសម្អាតមីន និងសំណល់យុទ្ធ ភណ្ឌសង្គ្រាមជាសកម្មភាព មនុស្សធម៌ដ៏ចាំបាច់និងបន្ទាន់ ដើម្បីធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រដល់ ដំណើរការស្ដារឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធនានា និងដីសម្រាប់ធ្វើកសិកម្ម។ ទន្ទឹមនឹងនេះ កិច្ចការបោស សម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក៏ដូចជាការកសាងទំនុកចិត្ត របស់ប្រជាពលរដ្ឋលើសុខសុវត្ថិ- ភាព និងការស្តារជីវភាពរស់នៅឡើងវិញ ត្រូវការពេលវេលាយូរ និងទាមទារភាពអត់ធ្មត់។

CMAC បន្ថែមថា ផ្អែកលើបទពិសោធន៍ដែលកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្ស និងដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ប្រកបដោយជោគជ័យ តាមរយៈការអនុវត្តសកម្មភាព កំចាត់មីនមនុស្សធម៌ តាំងពីឆ្នាំ១៩៩២នោះ រាជរដ្ឋាភិបាលកម្ពុជា មានសុឆន្ទៈក្នុងការជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការក្នុង វិស័យសកម្មភាពមីនមនុស្សធម៌ ជូនប្រជាជនអ៊ុយក្រែន។ ក្នុងស្មារតីនេះ នាសម័យប្រជុំកំពូលអាស៊ានលើកទី ៤០-៤១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានពិភាក្សា និងឯកភាពជាមួយ លោក KISHIDA Fumio. នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការគាំទ្រដល់កិច្ចការ បោសសម្អាតមីនមនុស្សធម៌ នៅប្រទេសអ៊ុយក្រែន។

CMAC បានបញ្ជាក់ទៀតថា «ផ្អែកលើការសម្រេចចិត្តរបស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អង្គភាពCMAC នឹងរៀបចំការហ្វឹកហ្វឺនជូន មន្ត្រីជំនាញសកម្មភាពមីននៃ អង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន (State Emergency Service of Ukraine) ដែលហៅកាត់ថា SESU នៅកម្ពុជាក្នុងខែមករា ឆ្នាំ២០២៣ លើការប្រើប្រាស់សម្ភារ បច្ចេកទេសបោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីនប្រភេទ ALIS ផលិតនៅប្រទេសជប៉ុន»។

សូមរំលឹកថា ក្នុងកម្មវិធីហ្វឹកហ្វឺននេះ មាន ៤វគ្គ ដែលអាចអនុញ្ញាតជូន ប្រព័ន្ធផ្សព្វផ្សាយចូលរួមយកព័ត៌មាន ដូចជា (១) ពិធីបើកវគ្គហ្វឹកហ្វឺន (២) ដំណើរទស្សនកិច្ចចំការមីន (៣) ដំណើរទស្សនកិច្ចសារមន្ទីរសន្តិភាព សកម្មភាពមីននិងការធ្វើប្រតិបត្តិការបង្ហាញ និង (៤) ពិធីបិទវគ្គហ្វឹកហ្វឺន៕

To Top