ព័ត៌មានជាតិ

ករណីបាត់នាវា ដឹកទំនិញចុះបញ្ជីការ នៅម៉ាឡេស៊ី ក្រុមប្រតិបតិ្តការបញ្ចប់ការរុករក ដោយមិនដឹងនាវាបាត់ខ្លួនទៅណា

កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ថា ប្រតិបត្តិការស្វែងរកកប៉ាល់ដឹកទំនិញ ដែលបានចុះបញ្ជីការនៅម៉ាឡេស៊ី ដឹកសមាជិកនាវិកចំនួន៥នាក់ ដែលត្រូវបានរាយការណ៍ថា បានបាត់ខ្លួន កាលពីសប្តាហ៍មុន ត្រូវបានបញ្ឈប់កាលពីចុងសប្តាហ៍ ដោយអាជ្ញាធរឥណ្ឌូណេស៊ី បន្ទាប់ពីរកមិនឃើញតំរ៉ុយថ្មីអ្វីនោះទេ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទីភ្នាក់ងារអនុវត្តដែនសមុទ្រម៉ាឡេស៊ី ហៅកាត់ថា (MMEA) បានឲ្យដឹងថា ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិ របស់ឥណ្ឌូនេស៊ី (BASARNAS) ដែលបានសម្របសម្រួលការស្វែងរកនោះ បានលុបចោលប្រតិបត្តិការកាលពីថ្ងៃសៅរ៍ ។

ទោះយ៉ាងមិញ លោក Mohd Zubil Mat Som អគ្គនាយក MMEA បានលើកឡើងថា ទីភ្នាក់ងាររបស់លោកនឹង បន្តធ្វើការត្រួតពិនិត្យ សម្រាប់កប៉ាល់ដឹកទំនិញ MV Dai Cat 06 ។

លោក Zubil បានបញ្ជាក់ថា “ទោះបីជាប្រតិបត្តិការដែលសម្របសម្រួល ដោយ BASARNAS បានបញ្ចប់ក៏ដោយ ការត្រួតពិនិត្យដោយទ្រព្យសម្បត្តិ ដែនសមុទ្រម៉ាឡេស៊ី ដែលកំពុងប្រតិបត្តិការ នៅក្នុងដែនទឹក ជាពិសេស នៅក្នុងដែនទឹកម៉ាឡេស៊ី នឹងបន្តដោយផ្អែកលើទីតាំង ដែលគេស្គាល់ចុងក្រោយនៃកប៉ាល់នោះ” ។

លោកបានសង្កត់ធ្ងន់ថា “បច្ចុប្បន្ននេះ MMEA កំពុងបន្តការស៊ើបអង្កេត លើការបាត់ខ្លួននាវា MV Dai Cat 06 ហើយការវិវត្តន៍ណាមួយ នឹងត្រូវបានចែករំលែកពីពេលមួយ ទៅពេលមួយទៀត” ៕

To Top