ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសលើកលែងទោសលោក ហូរ វ៉ាន់ និងផ្ដាំឱ្យមកស្រុកខ្មែរវិញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសលើកលែងទោសលោក ហូរ វ៉ាន់ និងផ្ដាំផ្ញើឱ្យលោកមកស្រុកខ្មែរវិញ ។

ជាមួយនឹងសារផ្តាំផ្ញើទៅលោក ហូ វ៉ាន់ដែលជាអតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ និងជាមនុស្ស ជំនិតរបស់លោកសម រង្ស៊ីម្នាក់ដែរនោះ សម្តេចក៏បានប្រកាសថា នឹងមានការលើកលែងទោស ដល់អ្នកគ្រប់គ្នាដែលផ្តាច់ខ្លួន ចេញពីលោកសម រង្ស៊ី ផងដែរ។

នាឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោបានប្រកាសជាថ្មីថា នឹងមិនលើកលែងជាដាច់ខាត ដល់ទណ្ឌិតសម រង្ស៊ី តែក្រៅពីនោះ សម្តេចនឹងលើកលែងទោសឱ្យផងដែរ តែលោក ហូរ វ៉ាន់ បើចង់មាតុភូមិនិវត្ត មកស្រុកកំណើតវិញសូមអញ្ជើញមកចុះ។

ផ្ទាំងពាណិជ្ជកម្ម

ដោយសម្ដេចតេជោក៏បានបញ្ជាក់ថា «កូនអា វ៉ាន់ គឺជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន នៅភ្នំពេញ ។ អាវ៉ាន់ អញផ្ដាំទៅ មកស្រុកមក ។ ហែងទៅតាមគេធ្វើអី…មក អាញលើកលែងទោសឱ្យដែលហែងចង់មក ព្រោះសេចក្ដីត្រូវការ របស់ខ្ញុំ គឺកំចាត់តែ អាអ្នកដឹកនាំនយោបាយជ្រុលនិយមតែម្នាក់ទេ ក្រៅពីនោះផ្ដាច់ខ្លួន គឺលើកលែងទោសឱ្យ ។ និយាយគ្នាឱ្យច្បាស់ៗចឹង»។

សូមរំលឹកថា សាលាឧទ្ធរណ៍កម្ពុជា បានសម្រេចតម្កល់ សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ជុំវិញការកាត់ទោស លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក គង់ សុភា និងលោក សេង ម៉េងប៉ុនរ៉ុង ជាសមាជិកក្រុមប្រឆាំង ឱ្យជាប់ពន្ធនាគារ រយៈពេល ២ឆ្នាំ និងពិន័យប្រាក់ម្នាក់ៗ ៤លានរៀល៕

To Top