ព័ត៌មានជាតិ

លោក ប៉ាន សូរស័ក្ដិ ប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកថា កម្ពុជាចូលរួមយ៉ាងសកម្ម បន្ធូរបន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកថា ទោះបីកម្ពុជាជា ប្រទេសបំភាយ ឧស្ម័នតិចបំផុតក៏ដោយ ក៏កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមបន្ធូរបន្ថយនូវបញ្ហា បម្រែបម្រួលអាកាសធាតុ ។

ការថ្លែងបញ្ជាក់របស់រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជានេះនាថ្ងៃទី១៧ មករា ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី ពិសារអាហារពេលល្ងាច រៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ ស្តីពីការសន្យាបៃតង របស់អាស៊ាន “ASEAN’s Green Promise” មានការចូលរួមពីថ្នាក់ដឹកនាំកំពូលនានាលើពិភពលោក ដែលនឹងចែករំលែកគំនិតយោបល់ លើការប្រយុទ្ធប្រឆាំងការបម្រែបម្រួលអាកាសធាតុ ។

ក្នុងឱកាសនោះរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានរំលេចពីការផ្តួចផ្តើមរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កន្លងមកកម្ពុជាបានផ្តួចផ្តើមគំនិត បង្កើតកិច្ចព្រមព្រៀងបៃតងអាស៊ាន “ASEAN Green Deal” ក្នុងអំឡុងកិច្ចប្រជុំកំពូល អាស៊ាន ឆ្នាំ២០២២ ក្នុងគោល បំណងដឹកនាំអាស៊ាន ឆ្ពោះទៅរកអនាគតបៃតង មានកម្រិតឧស្ម័នកាបូនិកទាប និងប្រកបដោយ ចីរភាព។ ការផ្តួចផ្តើមគំនិតនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ ជាពិសេស ដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹត្យភាពកាបូន (Carbon Neutrality) ។

លោក ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា គ្រប់វិស័យទាំងអស់គួរតែដើរទន្ទឹមគ្នាទាំងកម្មវិធី និងគម្រោងផ្សេងៗ សំដៅកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ដើម្បីឆ្លើយបទទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជា ដែលបានសន្យានៅក្នុង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបរិស្ថាន “Paris Agreement” និងនៅក្នុងកិច្ចប្រជុំ COP26 កន្លងមក។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «ទោះបីកម្ពុជាជាប្រទេសបំភាយឧស្ម័នតិចបំផុតក៏ដោយ ក៏កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមបន្ធូរបន្ថយនូវ បញ្ហាបម្រែបម្រួលអាកាសធាតុ។ ជាក់ស្តែង កម្ពុជាបានបែងចែកនូវកញ្ចប់ថវិកា មួយចំនួនសម្រាប់បម្រើឱ្យសកម្មភាពនានា ពាក់ព័ន្ធនឹងអាកាសធាតុ និងបានដាក់រួមបញ្ចូលគ្នា នូវថាមពលកកើតឡើងវិញ នៅក្នុងវិស័យថាមពលចំរុះផងដែរ»។

លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា កម្ពុជាបានអនុម័តច្បាប់វិនិយោគថ្មីដែលគាំទ្រដល់បរិស្ថាន និងបានលើកទឹកចិត្តវិស័យ ហិរញ្ញវត្តុ ដើម្បីជំរុញវិស័យឯកជនឱ្យវិនិយោគបន្ថែម សំដៅឆ្លើយតបទៅនឹង បម្រែបម្រួលអាកាសធាតុ។

លោក ប៉ាន សូរស័ក្ដិ ថ្លែងថា កម្ពុជាជាផ្នែកមួយនៃអាស៊ាន និងកំពុងធ្វើការសហការគ្នា សំដៅរៀបចំយុទ្ធសាស្ត្រអាស៊ាន ស្តីពីអព្យាក្រឹត្យភាពកាបូន។ ជាក់ស្តែង នៅខែធ្នូឆ្នាំ២០២២ ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ទើបតែបានអនុម័ត នូវឯកសារទស្សនៈទាន (Concept Note) សម្រាប់រៀបចំយុទ្ធសាស្ត្រ ខាងលើនេះរួចទៅហើយ នៅក្នុងអំឡុងពេល កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន ថាមពល និងកសិកម្ម ដែលជាកិច្ចប្រជុំអមនៃ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។ នាពេលបច្ចុប្បន្ននេះ កម្ពុជាស្ថិតលើមាគ៌ាឆ្ពោះទៅរក ប្រទេសដែលមានអព្យាក្រឹត្យភាពកាបូន ៕

To Top