ព័ត៌មានជាតិ

ក្រសួង២ កំពុងសិក្សាគម្រោងទោសសហគមន៍ ដើម្បីកាត់បន្ថយចង្អៀតណែន ក្នុងពន្ធនាគារ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងធ្វើការសិក្សាយ៉ាងហ្មត់ចត់បំផុត ចំពោះការអនុវត្តទោសសហគមន៍ ដើម្បីដោះស្រាយ និងកាត់បន្ថយភាពចង្អៀតណែន ក្នុងពន្ធនាគារ។

ក្នុងពិធីផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋាន សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣​ សម្ដេច ស ខេង បានពន្យល់ថា ក្រោយតុលាការកាត់ទោសរួច ត្រូវបញ្ជូនជនល្មើស ទៅផ្ទះសំបែងពួកគាត់វិញ ប៉ុន្ដែជនល្មើសត្រូវបំពេញកាតព្វកិច្ចជាអ្នកទោស ដោយអនុវត្តតាមផ្លូវច្បាប់។ សម្ដេច លេីកជាឧទាហរណ៍​ថា ទោសសហគមន៍នេះ គឺឱ្យអ្នកទោសទៅបោសសំរាម និងធ្វើអនាម័យនៅមូលដ្ឋានរបស់ខ្លួន ដោយគ្មានប្រាក់កម្រៃឡើយ។

សម្ដេច បន្ដថា ការអនុវត្តទោសសហគមន៍បែបនេះ គឺសម្រាប់តែអ្នកមានទោសស្រាលៗប៉ុណ្ណោះ ដើម្បីធ្វើយ៉ាងណាដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។

សម្ដេច បញ្ជាក់ថា «នាពេលខាងមុខនេះ យើងក៏កំពុងជំរុញ ជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទាក់ទងទៅនឹងគម្រោងអនុវត្តទោសសហគមន៍ ដែលមានចែកក្នុងច្បាប់ព្រហ្មទណ្ឌរបស់យើង ដើម្បីជៀសវាង និងដោះស្រាយចង្អៀតណែន ក្នុងពន្ធនាគារ អីចឹងទោសកម្រិតស្រាល អាហ្នឹងយើងនឹងខិតខំអនុវត្តនូវគម្រោងទោសសហគមន៍»។

សម្ដេច បន្ថែមថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តធម៌ នឹងធ្វើសិក្សាចំពោះទោសសហគមន៍នេះ បានហ្មត់ចត់បំផុត មុននឹងអនុវគម្រោងទាំងនេះ ដើម្បីធ្វើយ៉ាងណាឱ្យមានប្រសិទ្ធិភាព ផងដែរ។

ឆ្លៀតឱកាសនោះ សម្ដេច ស ខេង បានលើកឡើងថា អភិបាលរាជធានី-ខេត្ត ក៏ត្រូវខិតខំបង្កើនកម្លាំងប្រជាការពារភូមិ ដើម្បីជាកម្លាំងជំនួយដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទោះបីយ៉ាងណាក៏ដោយប្រជាពលរដ្ឋ ក៏ត្រូវមានការគាំទ្រដល់កម្លាំងប្រជាការពារ និងកម្លាំងប៉ុស្ដិ៍នគរបាល ទើបទទួលបានជោគជ័យ ក្នុងការកសាងសន្ដិសុខ នៅតាមមូលដ្ឋានរបស់ខ្លួន៕

To Top