ព័ត៌មានជាតិ

សម្ដេចតេជោ៖ ការបើកប្រាក់បៀវត្ស តាមធនាគារ រកឃើញមន្ដ្រីខ្មោច រាប់ម៉ឺននាក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងថា ការបើកប្រាក់បៀវត្សជូនមន្ដ្រីរាជការ តាមប្រព័ន្ធធនាគារមានអត្ថប្រយោជន៍ច្រើន ពិសេសបានរកឃើញមន្ដ្រីខ្មោចរាប់ម៉ឺននាក់ ដោយមានតែឈ្មោះក្នុងស្ថាប័ន តែមិនមកធ្វើការ។

នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោបានមានប្រសាសន៍ថា ការបើកប្រាក់បៀវត្សតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយបាន។ សម្ដេចបន្ដថា នាពេលកន្លងទៅ ការបើកប្រាក់បៀវត្សតាមរយៈលុយសុទ្ធ គឺត្រូវការសុវត្ថិភាព នៃដឹកលុយ។

សម្ដេចតេជោបញ្ជាក់ឱ្យដឹងថា «យើងអនុវត្តបើកប្រាក់ បៀវត្សតាមប្រព័ន្ធានាគារនេះ យើងរកឃើញមន្ដ្រីខ្មោច រាប់ម៉ឺននាក់ដែលវាមានតែឈ្មោះ អត់មានមនុស្ស។ រីឯអ្នកខ្លះ មនុស្សម្នាក់ធ្វើការងារបីកន្លែង ធ្វើការនៅក្រសួងនេះ ឈ្មោះនេះ ធ្វើការនៅក្រសួងនោះ ឈ្មោះនោះ អីចឹងទេយើងប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ម្ខាងជំរុញល្បឿនៃដំណើរការ និងម្ខាងទៀត គឺរុញអនឡាញ និងបញ្ហាជីឌីថលនេះ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ»។

លើសពីនេះ សម្ដេចតេជោក៏បានលើកឡើងថា ការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ធ្វើឡើងតាមប្រព័ន្ធធនាគារនេះ ដោយមិនវិលត្រឡប់ទៅបើក ជាសាច់ប្រាក់ទៀតឡើយ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។

កន្លងមកថ្មីៗនេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានស្នើរាជរដ្ឋាភិបាលឲ្យបើកប្រាក់ មន្រ្តីរាជការជាប្រាក់សុទ្ធវិញ តែក្នុងនាមសម្តេចជាអ្នកដឹកនាំ រាជរដ្ឋាភិបាលមិនអាចធ្វើ តាមសំណើរនេះបានទេ ព្រោះបើកតាមប្រព័ន្ធបច្ចេកវិទ្យា សម័យទំនើបនេះ ធានាសុវត្ថិភាពជាង៕

To Top