ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កំពុងពិចារណាបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ពលរដ្ឋក្រីក្រ ដោយមិនគិតថ្លៃ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកំពុងពិចារណាផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតថ្លៃ ហើយក៏ផ្តល់ប្រាក់ឧបត្ថម្ភថែមទៀតផងដែរ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ចំនួន ៦,៧៩១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលរដ្ឋក្រីក្រ ដោយមិនគិតថ្លៃនេះ គ្រោងអនុវត្តន៍នៅចុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤ ខាងមុខ។

សម្ដេចតេជោ បញ្ជាក់ឱ្យដឹងថា «ខ្ញុំកំពុងតែដាក់ឲ្យរៀបចំដាក់ឲ្យមានការសិក្សា ហើយការសិក្សានេះវានឹងទៅជាការពិតមួយ ដែលឆ្នាំនេះយើងបានអនុម័តថវិកា រួចស្រេចទៅហើយ យើងមិនអាចធ្វើបានទេ។ ការសិក្សានោះត្រង់ថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជន ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស គឺមានប្រមាណមា ១លាន ៥សែននាក់ នៅតាមគ្រឹះស្ថាន បណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតមួយ ដោយមិនបង់ថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំ យើងនឹងធ្វើនៅចុងឆ្នាំនេះ និងឆ្នាំក្រោយចាប់ពីនោះ»។

សម្ដេចតេជោ បន្ដថា កម្មវិធីនេះ រាជរដ្ឋាភិបាល នឹងរ៉ាប់រងសម្រាប់សិស្សទទួល ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញពីគ្រួសារក្រីក្រ គ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ ដោយយកពួកគាត់ទៅបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃទេ ប៉ុន្ដែផ្ដល់ប្រាក់ឧបត្ថម្ភឲ្យគាត់បន្ថែមទៀត ដោយធ្វើយ៉ាងណាបណ្ដុះបណ្ដាល ធនធានមនុស្ស នៅកម្ពុជា៕

To Top