ព័ត៌មានជាតិ

សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម​ នៅកម្ពុជា

ភ្នំពេញ​ ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានប្រកាសស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម​ លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តាមរយៈគេហទំព័រហ្វេសប៊ុក​ នាព្រឹកថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៣​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែងថា​ “ថ្ងៃនេះ យើងនឹងចាប់ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ”។

សម្ដេចតេជោ​ បន្ដថា​ ១០០ថ្ងៃចុងក្រោយនេះ ជាពេលវេលាដែលយើងត្រូវបំពេញបន្ថែមឲ្យសព្វគ្រប់ពេញលេញបន្ថែមទៀត ទាំងការរៀបចំបដិសណ្ឋារកិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយ ដែលចូលមកប្រកួតក្នុងប្រទេសរបស់យើង ដើម្បីអោយកម្ពុជាយើងទទួលបាននូវភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា​ ថ្ងៃទី២៥ មករា ឆ្នាំ២០២៣ គឺជាថ្ងៃយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃនៃព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Games ) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Games ) ដែលនេះ​ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារង់ចាំរយៈពេល៦៤ឆ្នាំ រហូតបានទទួលធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣នេះ។

ជាមួយគ្នានោះដែរ​ កម្ពុជា បានត្រៀមវិញ្ញាសាជាង ៥០០វិញ្ញាសា សម្រាប់ដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខណៈកីឡា ៣៩ប្រភេទ បូកកីឡាសម្ដែង ១ប្រភេទ ត្រូវបានអនុម័តរួចរាល់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាពេលកន្លងទៅ៕

To Top