ព័ត៌មានជាតិ

ចូលឆ្នាំចិន៤ថ្ងៃ មានភ្ញៀវទេសចរ ដើរកម្សាន្ត ទូទាំងប្រទេសជាង១លាននាក់

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នាឱកាស ពិធីបុណ្យចូលឆ្នាំចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ ខែមករា ២០២៣ មានភ្ញៀវទេសចរ បានចេញដើរកម្សាន្ត្រទូទាំងកម្ពុជា ចំនួន ១,០៤៩,២២២នាក់ ក្នុងនោះ ភ្ញៀវជាតិ ១,០០៧,១៦៦នាក់ និងភ្ញៀវបរទេស ៤២,០៥៦នាក់។

យោងតាមគេហទំព័រ ហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៥ មករា នេះបានឲ្យដឹងថា «ដោយ សារចូលឆ្នាំចិនឆ្នាំនេះ ប៉ះចំចុងសប្តាហ៍ ដូច្នេះយើងសង្កេតឃើញថា ចរន្តភ្ញៀវទេសចរ និងការធ្វើដំណើរកម្សាន្ត របស់ប្រជាពលរដ្ឋទៅកាន់គោលដៅទេសចរណ៍នានា មានសភាពផុសផុលច្រើន ខណៈប្រជាពលរដ្ឋ មួយចំនួនបានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើត តាំងពីល្ងាចថ្ងៃសុក្រដើម្បីរៀបចំសែន តាមប្រពៃណីចិន» ។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងបន្ដថា គោលដៅទេសចរណ៍ ទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរកកកុញ ខណៈប្រជាពលរដ្ឋ ភាគច្រើនដើរ កម្សាន្តជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀត ដើរកម្សាន្តច្រើនគោលដៅ ។ ដោយឡែក សម្រាប់ខេត្តព្រះសីហនុ ភ្ញៀវទេសចរភាគច្រើនទៅព្រឹក មកវិញល្ងាច ជាមួយការធ្វើដំណើរ តាមផ្លូវល្បឿនលឿន ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមួយចំនួនបានយក តាមខ្លួននូវម្ហូបអាហារដែល បានសែនរួច ទៅបរិភោគដើម្បីកាត់បន្ថយ ចំណាយមួយចំនួនផងដែរ ។

ក្រសួង បន្ថែមថា ចំពោះការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរមិនមានបញ្ហា ឬការរំខានណាមួយកើតឡើង គួរកត់សម្គាល់។ គណៈបញ្ជាការឯកភាពគ្រប់រាជធានី-ខេត្ត មន្ទីរទេសចរណ៍ បានចាត់កម្លាំងប្រចាំការ នៅតាមគោលដៅសំខាន់ៗ និងគោលដោទេសចរណ៍នានា ៕

To Top