ភ្នំពេញ៖ លោក William Parks តំណាងតែងតាំងថ្មីនៃ អង្គការមូលនិធិកុមារ របស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំកម្ពុជា បានអះអាងអំពីការបន្តផ្តល់ការគាំទ្រ និងជំនួយរបស់ខ្លួនដល់កម្ពុជា ។
ការអះអាងរបស់លោក William Parks បែបនេះ ធ្វើឡើងក្នុងឱកាសលោកប្រគល់លិខិត សារតាំងជូនលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។
លោក អ៊ុច បូររិទ្ធ បានសម្តែងការស្វាគមន៍ និងបានអះអាងចំពោះប្រេសិតថ្មី អំពីការគាំទ្រយ៉ាងពេញទំហឹង របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះរូបលោកនិងក្រុមការងាររបស់លោក ក្នុងការបំពេញការងារដ៏ សំខាន់របស់អង្គការ UNICEF នៅកម្ពុជា។
បន្ថែមទៀត លោករដ្ឋលេខាធិការ បានរំលឹកពីប្រវត្តិដ៏យូរលង់នៃ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ UNICEF ជាពិសេស ការផ្តល់ជំនួយក្រោយពី ការដួលរលំរបបខ្មែរក្រហម ដែលជំនួយនេះបានរួមចំណែកបន្ធូរ ការលំបាកនានារបស់ ប្រជាជនកម្ពុជានាពេលនោះ ។
លោកក៏បានថ្លែងអំណរគុណ ចំពោះគម្រោង របស់អង្គការ UNICEF លើវិស័យអប់រំ សុខភាពនិងអាហារូបត្ថម្ភ កិច្ចការពារកុមារ ទឹកស្អាតនិងអនាម័យ ព្រមទាំងគោលនយោបាយ និងហិរញ្ញប្បទាន សាធារណៈសម្រាប់កុមារ។ កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗ របស់អង្គការ UNICEF ក្នុងការជួយដល់សុខុមាលភាពកុមារ និងក្រុមគ្រួសាររបស់ពួកគេ ក្នុងអំឡុងការរាតត្បាត នៃជំងឺកូវីដ-១៩ ព្រមទាំងជំនួយក្នុងការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ក៏ត្រូវបានទទួលស្គាល់ផងដែរ ។
លោក William Parks មានការភ្ញាក់ផ្អើល ចំពោះការវិវត្តរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជា នាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងពេលដែលលោកធ្លាប់បានមកដល់កម្ពុជា នៅឆ្នាំ២០០២។ ជាមួយនឹងការកោតសរសើរ ពីកិច្ចសហប្រតិបត្តិការរឹងមាំរវាងកម្ពុជា និង អង្គការ UNICEF លោកក៏បានអះអាងពីការប្តេជ្ញាចិត្ត ក្នុងការថែរក្សាទំនាក់ទំនងនេះ ហើយនឹងបន្តធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយ ភាគីពាក់ព័ន្ធទាំងអស់លើវិស័យ ដែលបានគូសបញ្ជាក់ខាងលើ។
ជាមួយគ្នានោះភាគីទាំងពីរ បានអះអាងជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងកម្ពុជា និងអង្គការ UNICEF ៕