ព័ត៌មានជាតិ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើបារាំង ពិចារណាមកវិនិយោគ នៅកម្ពុជា ឱ្យបានកាន់តែច្រើន

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើភាគីបារាំង ពិចារណាទាក់ទាញ អ្នកវិនិយោគិនរបស់ខ្លួន មកកម្ពុជាឱ្យបានកាន់តែច្រើន និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងបន្ថែមទៀត ។

ការស្នើរបស់លោករដ្ឋមន្ត្រី ពាណិជ្ជកម្មកម្ពុជាបែបនេះ ធ្វើឡើក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នាថ្ងៃទី២៥ មករា ។

ក្នុងជំនួបនោះរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជម្រាបគណៈប្រតិភូបារាំង ពីទិសដៅអាទិភាពពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួន ចូលទៅក្នុងសេដ្ឋកិច្ច តំបន់និងពិភពលោក ព្រមទាំងការធ្វើពិពិធកម្មទីផ្សារនាំចេញ ឱ្យកាន់តែធំទូលាយថែមទៀត សំដៅស្តារឡើងវិញ និងបង្កើនភាពធន់ នៃសេដ្ឋកិច្ច ក្រោយវិបត្តិជម្ងឺរាតត្បាតជាសកលកូវីដ-១៩ ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានសំណូមពរឱ្យភាគីបារាំង ពិចារណា ទាក់ទាញអ្នកវិនិយោគិនបារាំងមកកម្ពុជា ឱ្យបានកាន់តែច្រើន និងជំរុញទំហំពាណិជ្ជកម្ម ឱ្យកើនឡើងបន្ថែមទៀត តាមរយៈការប្រើប្រាស់អត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែលកម្ពុជា បានចរចាបង្កើតឡើង ជាពិសេសកិច្ច ព្រមព្រៀង ភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកម្រិតទ្វេភាគី ជាមួយចិននិងកូរ៉េខាងត្បូង ដើម្បីផ្ដល់ឱកាស ឱ្យវិនិយោគិនបារាំង និងកម្ពុជា មានលទ្ធភាពពង្រីកទីផ្សារនាំចេញ ផលិតផលសក្ដានុពល ទៅកាន់ទីផ្សាអឺរ៉ុបបន្ថែមទៀត ដែលក្នុងនោះរួមមាន៖ ផលិតផលកសិកម្ម ផ្លែឈើ ម្ហូបអាហារ ផលិតផលកែច្នៃ សម្លៀកបំពាក់ រួមទាំងជ័រកៅស៊ូជាដើម។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រីប្រតិភូ បានកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានសន្យាទាក់ទាញអ្នកវិនិយោគិន ព្រមទាំងភ្ញៀវទេសចរបារាំង មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត និងសង្ឃឹមថាភាគីទាំងពីរនឹងបន្តកិច្ចសន្ទនាជាដៃគូល្អ ក៏ដូចជាដៃគូអភិវឌ្ឍន៍ ទាំងក្នុងកម្រិតទ្វេភាគី និងកម្រិតតំបន់ ជាពិសេសគឺការចូលរួមឱ្យបានសកម្មក្នុងការរឹតចំណងទំនាក់ទំនងនៃតំបន់អាស៊ាន និងតំបន់អឺរ៉ុប។

ជាមួយគ្នានេះដែរ ភាគីបារាំង ក៏បានលើកឡើងអំពី ចំណាប់អារម្មណ៍របស់វិនិយោគិនបារាំង ក្នុងការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗនៅកម្ពុជា ជាពិសេសការអភិវឌ្ឍវិស័យសំណង់ស៊ីវិល និងវិស័យដឹកជញ្ជូន រួមមានរថភ្លើងល្បឿនលឿន និងកំពង់ផែស្វយ័តជាដើម។

លោករដ្ឋមន្ត្រីទាំងពីរ ក៏បានបង្ហាញឆន្ទៈ និងពិភាក្សាអំពីលទ្ធភាព ក្នុងការបង្កើតអនុស្សរណៈ នៃការយោគយល់គ្នារវាងភាគីកម្ពុជា-បារាំង ទាំងក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាពិសេសគឺសក្ដានុពល វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ។

គួរបញ្ជាក់ថា សាធារណរដ្ឋបារាំង គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ របស់កម្ពុជានៅក្នុងសហគមន៍អឺរ៉ុប ជាក់ស្ដែងនៅឆ្នាំ២០២២ ភាគីទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ៥០០ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ១៦.៣១% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤៣០ លានដុល្លារអាម៉េរិក។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅបារាំង រួមមាន៖ អង្ករ ផលិតផលកសិកម្ម សំលៀកបំពាក់ និងស្បែកជើង ជាដើម រីឯទំនិញនាំចូលសក្តានុពលពីបារាំងមកកម្ពុជាវិញ រួមមាន៖ ឱសថ បន្ទះក្តារ និងភេសជ្ជៈ។ល៕

To Top