ព័ត៌មានជាតិ

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េ បញ្ជាក់ថា កម្ពុជា ជាដៃគូដ៏ល្អ ក្នុងតំបន់អាស៊ាន និងមេគង្គ

ភ្នំពេញ៖ លោក KANG Jae Kwon អនុរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច នៃក្រសួងការបរទេសកូរ៉េ បានថ្លែងបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏ល្អ នៅក្នុងតំបន់អាស៊ាន និងមេគង្គ ។

ការបញ្ជាក់របស់ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េបែបនេះ ធ្វើឡើងនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីបើកនៃវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-កូរ៉េ ដែលបានប្រារព្ធធ្វើទ្បើងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ វេទិកាធុរកិច្ចនេះដែរ ធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក AHN Dukgeun រដ្ឋមន្រ្តីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម សេដ្ឋកិច្ច និងឧស្សាហកម្មកូរ៉េ ។ ពិធីនេះក៏មានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុនធុរកិច្ច និងវិនិយោគសំខាន់ៗ នៃប្រទេសទាំងពីរប្រមាណ ១៥០ក្រុមហ៊ុន ផងដែរ។

ក្នុងឱកាសនោះលោក ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់អំពីភាពចាំបាច់ នៃការចូលរួមធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មរួមគ្នា រវាងវិស័យឯកជន ជាពិសេស សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ពីប្រទេសទាំងពីរ ក្នុងការពង្រីកកាលានុវត្តភាព និងការបង្កើតបណ្តាញធុរកិច្ចនិងវិនិយោគ តាមរយៈកិច្ចសន្ទនារវាងក្រុមហ៊ុនធុរកិច្ច ការផ្គូរផ្គងពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ជាដើម សំដៅអាចស្វែងយល់ឱ្យកាន់តែច្បាស់អំពីការនាំចេញ តម្រូវការទីផ្សារ និងការលើកកម្ពស់ការបណ្តាក់ទុនរួមគ្នា។

លោករដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងដ៏ល្អប្រសើររវាងទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូរធនធានមនុស្ស។

រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ មានជំនឿទុកចិត្តថា ការចូលជាធរមាននៃ​​​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ នឹងបង្កើនទំនុកចិត្តនិងជំរុញបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ហើយតាមរយៈនេះ លោករដ្ឋមន្រ្តី ក៏បានផ្តោតសំខាន់លើទិសដៅគោលនយោបាយមួយចំនួនរួមមាន ការពង្រីកនិងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង រួមបញ្ចូលទាំងថាមពលស្អាត ជាដើម។

ជាមួយគ្នានេះដែរ អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេសកូរ៉េ ក៏បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកានេះ និងបានសម្តែងសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរផងដែរ។

លោកអនុរដ្ឋមន្ត្រីបានជម្រាបផងដែរថា «ក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជាមានចំណាត់ថ្នាក់ទី១ដែលទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ពីកូរ៉េ និងបានបញ្ជាក់ផងដែរថា កម្ពុជាជាដៃគូដ៏ល្អនៅក្នុងតំបន់អាស៊ាននិងមេគង្គ» ។

បន្ទាប់ពីពិធីបើកនៃវេទិកានេះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ ក៏បានផ្តល់កិត្តិយសចូលរួម ជាអធិបតីក្នុងពិធី ចុះអនុស្សារណៈយោគយល់គ្នាចំនួន ៥ រវាងក្រុមហ៊ុនធុរកិច្ចនៃប្រទេសទាំងពីរ រួមមាន៖

១. ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន World Bride Group និងក្រុមហ៊ុន Luxury Brand Group
២. ការចែករំលែកព័ត៌មានទីផ្សារ និងការផ្គត់ផ្គង់រវាងក្រុមហ៊ុន Season Fresh Cambodia និងក្រុមហ៊ុន Empire Trading Co., Ltd.
៣. កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើសកម្មភាពដោះដូរផ្សេងៗលើការជួយផ្សព្វផ្សាយលើការបណ្តាក់ទុន និងការធ្វើជំនួយទ្វេភាគី រាវសមាគមអ្នកផលិតចំនីអាហារកម្ពុជា និងក្រុមហ៊ុន Empire Trading Co., Ltd.

៤. កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើជំនួញនិងទីផ្សារ រួមបញ្ចូលផ្លាស់ប្តូរលើបច្ចេកវិទ្យា រវាងក្រុមហ៊ុន Alliances of Cambodia Agricultural Products Exporters Co., Ltd និង ក្រុមហ៊ុន AGT Corporation
៥. កិច្ចព្រមព្រៀងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការដោះដូរព័ត៌មានសម្រាប់ការអភិវឌ្ឍនសង្គម ការអប់រំ វប្បធម៌ សិល្បៈ និងកីឡា រវាងក្រុមហ៊ុនសភាពពាណិជ្ជកម្មកំពត-កែប និងក្រុមហ៊ុន Miracle City World Group ៕

To Top