ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីអនុវត្តឱ្យបានជោគជ័យ នូវគោលនយោបាយជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមចំណែកក្នុងការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលបាន លទ្ធផលកាន់តែត្រចះត្រចង់ថែមទៀត ទោះស្ថិតក្នុងស្ថានភាពចូលរួមកម្លាំងយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានខិតខំយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលការងារ ដូចជា៖ រៀបចំសេចក្តីសម្រេច ពីការកែសម្រួលសមាសភាព ក្រុមការងារត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅគោលដៅដើមទី ក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លើសពីនេះ គណៈ​កម្មាធិការ​បានរៀបចំសេចក្តីអំពាវនាវ ស្តីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ រៀបចំសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងដោះស្រាយការងារពាក់ព័ន្ធ នឹងការអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក។

ជាងនេះទៅទៀត គណៈ​កម្មាធិការ​បានរៀបចំ លិខិតថ្លែងអំណរគុណជូនវាគ្មិន និងសិក្ខាកាមដែលបានចូលរួម ការរៀបចំសិក្ខាសាលា ស្តីពី ការប្រមូលធាតុចូលសម្រាប់ផែនការទសវត្សរ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ព្រមទាំងរៀបចំលិខិតថ្លែងអំណរគុណ ដល់ក្រុមហ៊ុនព្រូដិនសល ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការរៀបចំសិក្ខា សាលាស្តីពីការប្រមូលធាតុចូលសម្រាប់ផែនការ ទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។ ជាពិសេសចេញសេចក្តីណែនាំ ស្តីពីការប្រើប្រាស់កម្មវិធីតេឡេក្រាម «សុវត្ថិភាពចរាចរណ៍យើង»៕

To Top