នយោបាយ

លោក រ៉ុង ឈុន ថា ធម្មយាត្រាថ្មើជើងទៅខេត្ត៤ ប្រើពេលយ៉ាងយូរ១០ថ្ងៃ

ភ្នំពេញ ៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក រ៉ុង ឈុន ដែលជាមេសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំក្បួនធម្មយាត្រា ចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តចំនួន៤ ។ ដំណើរដោយជើងទៅខេត្ត៤នេះ លោករ៉ុង ឈុនថា ប្រើពេលយ៉ាងយូរ១០ថ្ងៃ បើលឿន៨ថ្ងៃ។

ធម្មយាត្រារបស់សមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យនេះស្តីពី «សីលធម៌សង្គម» ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម និងឲ្យមនុស្សគ្រប់រូប មិនថា អ្នកតូច ឬអ្នកមានតួនាទី ត្រូវមានសីលធម៌រស់ នៅក្នុងសង្គម ។ ខេត្ត៤ដែលជាគោលដៅនោះ គឺខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង»។ ថ្ងៃដំបូងនេះ ធម្មយាត្រាឆ្ពោះទៅលោកតាឃ្លាំមឿង ក្នុងខេត្តពោធិ៍សាត់។

លោក រ៉ុង ឈុន បានប្រាប់អ្នកសារព័ត៌មានមុនចេញដំណើរធម្មយាត្រាថា សម្រាប់ដំណើរក្នុងរយៈពេលបានគ្រោងទុកប្រមាណជា១០ថ្ងៃនេះ គឺក្រុមការងារបានរៀបចំគ្រឿងបរិភោគរួចរាល់ហើយ ដោយមានទាំងថ្នាំពេទ្យ ទឹក និងប្រេងកូឡាជាដើម។

លោកថា “ខ្ញុំគណនាប្រហែលជា១០ថ្ងៃ ហើយបើសិនបងប្អូនជនរួមជាតិ ចេញមកដើរច្រើនតាមដងផ្លូវ យើងមិនប្រើពេលដើរលឿនប៉ុន្មានទេ ។ ចឹងយើងប្រើពេល១០ថ្ងៃ ហើយបើមិនសូវទេ អាចប្រើពេល៨ថ្ងៃអីហ្នឹងចប់ហើយ ធម្មយាត្រា”។

សម្រាប់អ្នកចង់ចូលរួមដើមជាក្បួន លោកថា ស្វាគមន៍ជានិច្ចគ្រប់និន្នាការនយោបាយ។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃបានយល់ព្រម អនុញ្ញាត ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដង្ហែធម្មយាត្រា ត្រឹមអ្នកចូលរួមប្រមាណ៥០នាក់ប៉ុណ្ណោះ ដោយត្រូវអនុវត្តតាមច្បាប់បានកំណត់ ដើម្បីមិនត្រូវបង្ក បញ្ហាអសកម្មណាមួយឡើយ៕

To Top