ព័ត៌មានជាតិ

សម្ដេចតេជោ៖ ទោះជោគជ័យណា ក៏មិនត្រូវមើលរំលងកត្តាសន្ដិភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា ទោះបីជាទទួលជោគជ័យណាក៏ដោយ ក៏មិនត្រូវមើលរំលងអំពីកត្តាសន្ដិភាព ព្រោះមិនអាចរស់នៅជាមួយសង្គ្រាមឡើយ ។

នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ក្នុងឆ្នាំសិក្សា២០២១-២០២២ ចំនួន ១,០៤៩នាក់ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានជួយដល់ការបង្រៀនសិស្ស។

សម្ដេចតេជោ បញ្ជាក់ថា «កត្តាសន្ដិភាព គឺជារឿងមិនអាចមើលរំលង ជោគជ័យណាក៏ដោយ មិនត្រូវមើលរំលង អំពីកត្តាសន្ដិភាពទេ ព្រោះការអប់រំក្ដី កីឡាក្ដី ឬក៏ផ្នែកសិល្បៈក្ដី ផ្នែកណាក៏ដោយ មិនរស់នៅជាមួយសង្គ្រាមទេ គឺវាអាចរស់នៅជាមួយសន្ដិភាពប៉ុណ្ណោះ»។

សម្ដេចតេជោលើកឡើងទៀតថា យុវជនសម័យមុនបាត់បង់ឱកាសរៀនសូត្រ ស្ទើរទាំងស្រុង ខណៈសម័យ ប៉ុលពត យុវជន គឺបាត់បង់ឱកាសរៀនសូត្រទាំងស្រុង។ សម្ដេចក៏រំលឹកថា ឆ្នាំ១៩៧០ ដល់១៩៧៥ គឺបាត់បង់ឱកាសរៀនសូត្រធំធេង ក៏ប៉ុន្ដែនៅសល់ខ្លះនៅតាមទីប្រជុំជន ដែលសាធារណរដ្ឋខ្មែរកាន់កាប់ ប៉ុន្ដែតំបន់ត្រូវរំដោះសង្គ្រាម ត្រូវបិទសាលារៀន ដូច្នេះ យុវជន និងកុមារ ត្រូវបាត់បង់ឱកាសរៀនសូត្រ៕

To Top