ព័ត៌មានជាតិ

សម្ដេចតេជោ៖ អ្នកនៅក្រៅប្រទេស មិនធ្លាប់មានដីការតាមចាប់ខ្លួន អាចមកលេងស្រុកខ្មែរដោយសេរី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសហៅសារជាថ្មី ចំពោះប្រជាពលរដ្ឋខ្មែរដែលជា អ្នកគាំទ្រគណបក្សប្រឆាំង ឬធ្លាប់ជេររាជរដ្ឋាភិបាលរស់នៅក្រៅប្រទេស មិនធ្លាប់មានដីការតុលាការតាមចាប់ខ្លួន គឺអាចធ្វើដំណើរមកលេងកម្ពុជា បានដោយសេរី គ្មានអ្នកណាហាមឃាត់នោះទេ ។

តាមរយៈការឆ្លើយឆ្លងសារជាមួយស្រ្តីម្នាក់ឈ្មោះ ហែម ចន្ថាដែលមានស្រុកកំណើតនៅកំពងធំ ហើយបច្ចុប្បន្ននៅក្រៅប្រទេស ធ្លាប់ជេរប្រមាថមកលើរាជរដ្ឋាភិបាល ដោយសារងប់នឹងការលង់ជឿ ទៅលើក្រុមប្រឆាំងនាពេលថ្មីៗនោះ សម្តេចតេជោបានរំលឹកឡើងវិញថា តាមរយៈលោកស្រី ហែម ចន្ថា គឺមានពលរដ្ឋខ្មែរនៅក្រៅប្រទេស ធ្លាប់ប្រមាថមកលើរាជរដ្ឋាភិបាល ចង់មកស្រុកកំណើត ប៉ុន្តែអត់ហ៊ានមកដោយសារ ខ្លាចចាប់ដាក់ពន្ធនាគារ ។ តាមរយៈការស្តាប់ការរៀបរាប់នេះ សម្តេចហៅពួកគេជាថ្មីម្តងទៀត ឲ្យមកលេងស្រុកខ្មែរ គ្មានអ្នកណាទៅចាប់ចងនោះទេ ។

សម្តេចថា ជាពិសេសមកចូលរួមលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលប៉ុន្មានខែខាងមុខ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A នាព្រឹកថ្ងៃ២ កុម្ភៈ ។

សម្ដេចតេជោបានអំពាវនាវថា “ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស សូមវិលត្រឡប់មកលេង និងទស្សនាកម្ពុជា ដើម្បីមើលការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខឆាប់ៗនេះ”។

សម្ដេចតេជោបន្ដថា អំពាវនាវបែបនេះ ដើម្បីកុំឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស ចាញ់បោកការឃោសនាអកុសល ណារបស់ក្រុមប្រឆាំង ដែលគេចង់មួលបង្កាច់សភាពការណ៍កម្ពុជា។ សម្ដេចថា មានពលរដ្ឋខ្មែរមួយចំនួននៅក្រៅប្រទេស មានការព្រួយបារម្ភ មិនហ៊ានចូលស្រុក ក្រោយធ្លាប់គាំទ្រគណបក្សប្រឆាំង ឬជេររាជរដ្ឋាភិបាល ។ ប៉ុន្តែសម្តេចសង្កត់ធ្ងន់បកទៅវិញថា «ខ្ញុំ សូមយកឱកាសនេះ បញ្ជាក់បន្ដិច ប្រទេសនេះ គឺជាប្រទេសកម្ពុជា គឺជាប្រទេសទាំងអស់គ្នា អ្នកដែលមិនមានដីការតុលាការ តាមចាប់ខ្លួនទេ អ្នកនោះ ទោះបីធ្លាប់បានជេររដ្ឋាភិបាល អត់មានពាក្យបណ្ដឹងណាទៅតុលាការទេ គឺអ្នកនោះមកបាន គឺអត់មានបញ្ហាអ្វីទេ»។

សម្ដេចតេជោក៏បានរំលឹកថា កន្លងមក សម្ដេចធ្លាប់ប្រកាសលើកលែងទោស ដល់មន្ត្រីអតីតគណបក្សប្រឆាំង កំពុងគេចខ្លួនរស់នៅក្រៅប្រទេសដែរ បើសិនជាពួកគេព្រមផ្ដាច់ខ្លួន ចេញពីលោកសម រង្ស៊ី។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានលើកឡើងទៀតថា នាពេលថ្មីៗនេះលោកស្រី ហែម ចន្ថា អ្នកគាំទ្រគណបក្សប្រឆាំងនៅក្រៅប្រទេស បានសូមទោស សម្ដេច ក្រោយធ្លាប់វាយប្រហារមកលើរាជរដ្ឋាភិបាល ហើយក៏សូមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ហើយសម្ដេចក៏បានយល់ព្រមផងដែរ ៕

To Top