ព័ត៌មានជាតិ

សម្តេចតេជោ៖ ចូលឆ្នាំខ្មែរឆ្នាំនេះ នឹងសប្បាយ ខណៈអង្គរសង្ក្រាន្ត នឹងធ្វើនៅតាមបណ្តាខេត្ត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះ ប្រជាពលរដ្ឋនឹងមាន ភាពសប្បាយរីករាយ ដោយសារអង្គរសង្ក្រាន្តនៅសៀមរាប នឹងធ្វើកាន់តែធំជាងមុន ហើយនៅតាមបណ្តាខេត្ត ក៏មានរៀបចំផងដែរ ក្រោយខកខានអស់ជាច្រើនឆ្នាំ ។

ក្នុងពិធីសំណេះសំណាល ជាមួយសិស្សជាប់និន្ទេសA នាព្រឹកថ្ងៃ២ កុម្ភៈ សម្តេចតេជោ គូសបញ្ជាក់ថា «ឆ្នាំនេះ ស៊ីហ្គេមក៏ធ្វើ អង្គរសង្ក្រាន្តក៏ធ្វើ ហើយគ្រប់កន្លែងគេធ្វើសង្ក្រាន្ត ។ ខ្លះសង្ក្រាន្តត្បូងឃ្មុំ សង្ក្រាន្តស្វាយរៀង សង្ក្រាន្តតាកែវ សង្ក្រាន្តកំពង់ចាម ។ ក្រៅពីសង្ក្រាន្តធំនៅអង្គរដែល ធ្វើអីចឹងសប្បាយរីករាយ»។

សម្តេចតេជោក៏បានលើកឡើងថា នៅឆ្នាំនេះដែរ ប្រជាជននឹងមានភាពសប្បាយរីករាយ ក្នុងការធ្វើដំណើរកម្សាន្ត។

ជាមួយគ្នានេះ សម្តេចតេជោបន្ថែមថា «ឆ្នាំនេះកម្ពុជានឹងរៀបចំស៊ីហ្គេម ។ នៅតែ៩២ថ្ងៃទៀត (គិតពីថ្ងៃទី២កុម្ភៈ) អីចឹងទេត្រូវធ្វើយ៉ាងម៉េច ឲ្យប្រទេសយើងធ្វើជាម្ចាស់ផ្ទះ ត្រូវធ្វើឲ្យសុវត្ថិភាពសម្រាប់ កីឡាករកីឡាការិនីយើងផង និងរបស់ប្រទេសមកចូលរួមផង»។

សម្តេចតេជោលើកឡើងថា នៅទីក្រុងគឺជាកន្លែងដែលមាន ទីធ្លាក្នុងការប្រកួតកីឡា ហើយក៏មានបណ្តាខេត្តមួយចំនួនទៀត ក៏មានការប្រកួតផងដែរ ដូចជា សៀមរាប ព្រះសីហនុ កែប និងកំពត ៕

To Top