ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក អនុញាត ឲ្យគណៈប្រតិភូ របស់មូលនិធិអន្តរជាតិ សម្រាប់កិច្ចអភិវឌ្ឍន៏ លើវិស័យកសិកម្ម ចូលជួបសម្តែងការគួសម

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៣ បានអនុញាតឲ្យ គណៈប្រតិភូ របស់មូលនិធិអន្តរជាតិ សម្រាប់កិច្ចអភិវឌ្ឍន៏ លើវិស័យកសិកម្ម IFAD (International Fund For Agricultural Development, IFAD) ដឹកនាំដោយលោកស្រី បណ្ឌិតសាស្រ្តាចារ្យរង Jyotsna Puri អនុប្រធានរបស់ IFAD (Associate Vice President) និងសហការី ចូលជួបសម្តែង ការគួសម និងធ្វើសេចក្តីរាយការណ៏ អំពីសហហិរញ្ញប្បទាន របស់ IFAD លើវិស័យធនធានទឹក និងឧតុនិយម ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម សូមស្វាគមន៍យ៉ាងកក់ក្តៅ និងសប្បាយរីករាយ ចំពោះវត្តមានរបស់លោកជំទាវបណ្ឌិតសាស្រ្តាចារ្យរង ដែលបានចំណាយពេលដ៏មានតម្លៃ ដើម្បីស្វែងយល់នាពេលនេះ ហើយក៏សូមថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រវាងរាជរដ្ឋាភិបាលកម្ពុជា និង IFAD ក្នុងការបន្ត ជួយឧបត្ថម្ភ និងគាំទ្រ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលនេះជាលើកដំបូងសម្រាប់ IFAD ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ចំពោះវិស័យធនធានទឹក និងឧតុនិយម ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ អំពីសមិទ្ធផល និងការងារ ដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការងារ ចំពោះមុខក្នុងក្របខណ្ឌវិស័យ ធនធានទឹក និងឧតុនិយម និងអំពីតម្រូវការឧបករណ៍ សម្ភារ ចាំបាច់មួយចំនួន ដូចជា ឧតុនិយម និងជលសាស្រ្ត ដើម្បីរួមចំណែកដោះស្រាយ នូវបញ្ហាប្រឈម ក្នុងបរិបទ នៃបម្រែបម្រួលអាកាសធាតុ សំដៅធានាបាននូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវ ការប្រើប្រាស់ប្រចាំថ្ងៃ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

លោកស្រីបណ្ឌិតសាស្រ្តាចារ្យរង Jyotsna Puri បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារ ដោយផ្ទាល់ជាមួយលោករដ្ឋមន្រ្តីនាពេលនេះ និងបាន ជម្រាប ជូនអំពីសហហិរញ្ញប្បទានរបស់ IFAD ជាមួយនឹងធនាគារវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB ក្នុងគម្រោង របស់ក្រសួង ធនធានទឹក និងឧតុនិយម ដែលមានឈ្មោះថា Climate Adaptive Irrigation and Sustainable Agriculture for Resilience (CAISAR) ដែលគម្រោងនេះ នឹងត្រូវអនុវត្តន៏នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តមួយចំនួនដូចជា ៖ តំបន់ប្រព័ន្ធធារាសាស្រ្តអូរតាប៉ោងតាណៃ ស្ថិតក្នុងខេត្តពោធិ៍សាត់, តំបន់ប្រព័ន្ធធារាសាស្រ្តលំហាច ស្ថិតក្នុងខេត្តកំពង់ឆ្នាំង និងតំបន់ប្រព័ន្ធធារាសាស្រ្តក្រាំងពន្លៃ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកណ្តាល ។

លោកស្រីបណ្ឌិតសាស្រ្តាចារ្យរង ក៏បានថ្លែងអំណរគុណជាអតិបរមា ដល់លោករដ្ឋមន្រ្តី ដែលបានបង្កលក្ខណៈ និងផ្តល់ឱកាសដល់គណៈប្រតិភូ ដើម្បីធ្វើការកសាង នូវយុទ្ធសាស្រ្តសម្រាប់ប្រទេសកម្ពុជាក្នុងវិស័យធនធានទឹក និងឧតុនិយម ជាដៃគូសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងប្រកប ដោយចេរភាព ធ្វើការដោះស្រាយបានជាបណ្តើរៗ និងបានល្អប្រសើរ លើសន្តិសុខទឹក សម្រាប់គ្រប់វិស័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ដោយមានការគាំទ្រសហការ យ៉ាងពេញទំហឹង ពីសំណាក់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុវត្តតាមផែនការ ការងារវិនិយោគ រយៈពេលវែងក្នុងវិស័យធនធានទឹក និងឧតុនិយម របស់ក្រសួងធនធានទឹក និងឧតុនិយម ដោយវិភាជទុនដ៏ធំសម្បើម ដែលមិនធ្លាប់មានពីមុនមក សម្រាប់បម្រើឲ្យការងារប្រតិបត្តិការ លើបណ្តាប្រព័ន្ធធារាសាស្រ្តខាងលើ ឈានទៅធានាបានទាំងស្រុង នូវសន្តិសុខទឹក លើគ្រប់វិស័យ ។

លោកស្រីបណ្ឌិតសាស្រ្តាចារ្យរង និងគណៈប្រតិភូ នឹងបន្តចុះទៅធ្វើទស្សនកិច្ចលើប្រព័ន្ធ ធារាសាស្រ្តក្រាំងពន្លៃ ចាប់ពីស្រុកថ្ពង អមលាំង ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ប្រព័ន្ធធារាសាស្រ្តប្រាំបីមុំ រហូតដល់ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ៕

To Top