ព័ត៌មានជាតិ

សម្ដេចតេជោ៖ កំណែទម្រង់ប្រឡងបាក់ឌុបជិត ១០ឆ្នាំនេះ បានបញ្ចប់វប្បធម៌អន្តរាគមន៍

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ក្រសួងអប់រំ យុជន និងកីឡា បានធ្វើកំណែទម្រង់ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជិតរយៈពេល ១០ឆ្នាំមកនេះ ឃើញថា បានបញ្ចប់វប្បធម៌អន្តរាគមន៍។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេសA ជាង ១ពាន់នាក់ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ បានបង្ហាញការពេញចិត្ត ចំពោះការធ្វើកំណែទម្រង់ ប្រឡងបាក់ឌុបកន្លងទៅនេះ ព្រោះធ្វើឱ្យផ្លាស់ប្តូរឥរិយាបថលើការរៀនសូត្រ និងការប្រឡង របស់សិស្សានុសិស្ស។

សម្ដេចតេជោ បញ្ជាក់ថា «ការធ្វើកំណែទម្រង់ប្រលងបាក់ឌុបរយៈពេលជិត ១០ឆ្នាំនេះ ឃើញថា បានបញ្ចប់នូវវប្បធម៌អន្តរាគមន៍ ហើយបានបង្ហាញអំពីចំណេះដឹង ពិតប្រាកដរបស់សិស្សានុសិស្ស។ កំណែទម្រង់បាក់ឌុប បានក្លាយទៅជាចលនា ប្រកួតប្រជែងនៃការអប់រំ និងសិក្សារៀនសូត្រ នៅតាមខេត្តនីមួយៗទៀតផង»។

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសនោះ សម្តេចតេជោ ក៏បានមានប្រសាសន៍ថា សិស្សនិទ្ទេស A បានបង្កើតឱកាស និងកសាងកិត្តិយសជូនគ្រួសារ ប្រកបដោយមោទកភាព ដែលធ្វើឱ្យលោកគ្រូ-អ្នកគ្រូ អាណាព្យាបាលឪពុកម្ដាយ សប្បាយចិត្តគ្រប់ៗគ្នា។ សម្តេចតេជោ ក៏បានអំណរគុណដល់អាណាព្យាបាល អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ដែលបានរួមគ្នាជ្រោមជ្រែងការ សិក្សារបស់សិស្សនាពេលកន្លងមក។

សម្តេចតេជោ ក៏បានណែនាំឱ្យសិស្សនិទ្ទេស A ទាំងអស់ត្រូវបន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត ពីព្រោះចំណេះដឹងរៀនមិនចេះចប់នោះទេ៕

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023