ព័ត៌មានជាតិ

រដ្ឋមន្រ្តីវប្បធម៌ អនុញ្ញាតឲ្យមន្ត្រីរាជការបញ្ចប់ការបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល ចូលរាយការណ៍ពីលទ្ធផលសិក្សា

ភ្នំពេញ ៖ មន្ត្រីរាជការ៩នាក់ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្តល់ឱកាសឲ្យទៅចូលរួមវគ្គបណ្តុះបណ្តាល វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹតការមន្ត្រីមធ្យម និងវគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល ត្រូវបានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងរាយការណ៍ពីលទ្ធផលសិក្សាមុនពេលចូលបម្រើនៅតាមអង្គភាពដើមរបស់ខ្លួនវិញ។

មន្ត្រីកម្មសិក្សាការីទាំង៩នាក់ ទទួលបានការបណ្តុះបណ្តាល គឺវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់មានចំនួន៤នាក់ , វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលមានចំនួន១នាក់ និងវគ្គវិក្រឹតការមន្រ្តីមធ្យមមានចំនួន៤នាក់ ។

កម្មវិធីសិក្សាវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ វគ្គវិក្រឹតការមន្រ្តីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹតការមន្រ្តីមធ្យម ឆ្នាំ២០២២ មានរយៈពេល៩ខែ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

តំណាងមន្ត្រីរាជការទាំង៩រូប បានលើកឡើងថា ក្នុងអំឡុងពេលសិក្សាក្នុងរយៈពេល៩ខែនេះ គឺម្នាក់ៗបានព្យាយាមសិក្សាដោយយកចិត្តទុកដាក់ទទួលយកគំនិត និងចំណេះដឹងថ្មីៗគ្រប់មុខវិជ្ជា និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ជាមួយកម្មសិក្សាការីមកពីក្រសួង-ស្ថាប័នផ្សេងៗ នាំឲ្យការសិក្សាទទួលបានលទ្ធផលជាវិជ្ជមាន។

ចំពោះបំណងចូលគោរពសម្តែងការគួរសមលោកស្រីរដ្ឋមន្រ្តី ដើម្បីធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការសិក្សា និងសុំអនុសាសន៍ដ៏ល្អៗពីលោកស្រី ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងគោលជំហរ និងអភិវឌ្ឍន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងជំនួបនោះ លោកស្រីអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កា ដែលកម្មសិក្សាការីបានទទួលជ័យលាភីទាំង៩រូប។

ក្នុងឱកាសនោះដែរ លោកស្រីក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីទាំង៩រូប ដូចខាងក្រោម៖

១- ត្រូវបន្តការរៀនសូត្រពេញមួយជីវិត ការអាន ការស្រាវជ្រាវ ការអនុវត្តការងារ ដើម្បីស្វែងរកបទពិសោធន៍ ជួយជម្រុញការអនុវត្តការងារជូនអង្គភាពកាន់តែប្រសើរឡើងប្រកបដោយគុណាធិបតេយ្យនិងនវានុវត្តន៍
២- មានវិន័យ និងចេះគ្រប់គ្រងពេលវេលា ក្នុងការអនុវត្តការងារ
៣- ត្រូវចេះបង្កើតទស្សនាទានផ្ទាល់ខ្លួនក្នុងការអភិវឌ្ឍចំណេះ ជំនាញ និងការវិឌ្ឍខ្លួនទៅតាមបដិវត្តឧស្សាហកម្ម ៤.០៕

To Top