ព័ត៌មានជាតិ

កម្ពុជា ស្នើស្វីសបន្តជួយគាំទ្រ ក្នុងការបញ្ចប់ការងារ បោសសម្អាតមីន ឱ្យអស់ត្រឹមឆ្នាំ២០២៥

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឲ្យរដ្ឋាភិបាលស្វីស ពិចារណាបន្តជួយគាំទ្រ ក្នុងការបញ្ចប់ការងារ បោសសម្អាតមីនឲ្យអស់ ក្នុងឆ្នាំ២០២៥ ។

ការស្នើនេះធ្វើឡើងក្នុងឱកាសលោកទេសរដ្ឋមន្រ្តី លី ធុជ និងលោក Heinrich Schellenberg ឧបការីរដ្ឋមន្រ្តីក្រសួង ការបរទេសសហព័ន្ធស្វីស ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក បានអញ្ជើញប្រារព្ធពិធីអបអរ ខួបអនុស្សាវរីយ៍ទី៦០ នៃការបង្កើតទំនាក់ទំនង ការទូតកម្ពុជា-ស្វីស នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រយៈពេល ៦០ឆ្នាំនេះ កម្ពុជា និងស្វីស មានកំណត់ត្រាដ៏ល្អ នៃទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យជាច្រើន ដែលបានផ្តល់ ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

លោកបន្តថា ប្រទេសទាំងពីរ គឺជាអ្នកការពារស្មារតី និងគោលការណ៍ នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ និង ច្បាប់អន្តរជាតិ ក្នុងការប្តេជ្ញាចិត្តជា លក្ខណៈពហុភាគីនិយម ។ សំខាន់ជាងនេះទៅទៀត ប្រទេសទាំងពីរ គឺជាអ្នកជំរុញ គោលនយោបាយ ការបរទេសអព្យាក្រឹត ដើម្បីការពារឯករាជ្យជាតិ ជារដ្ឋអធិបតេយ្យ ដែលនយោបាយ ការបរទេសកម្ពុជា អព្យាក្រឹតភាព បានអនុម័តដោយព្រះបរមរតនកោដ្ឋ ព្រះបរមរតនកោដ្ឋ ឆ្នាំ១៩៥៥ បានក្លាយជាប្រយោគអចិន្ត្រៃយ៍ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។

លោកទេសរដ្ឋមន្រ្តី គូសបញ្ជាក់បន្ថែមថា ប្រទេសស្វីស បានផ្តល់ជំនួយគាំទ្រ ផ្នែកសុខភាព អភិបាលកិច្ច កសិកម្ម សន្តិសុខស្បៀង ការកសាងជំនាញ ការបោសសម្អាតមីន ព្រមទាំងបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សុខុមាលភាព និងវិបុលភាពនៅកម្ពុជា។

ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះជំនួយហិរញ្ញវត្ថុ របស់រដ្ឋាភិបាលស្វីស ដែលបានផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ចាប់តាំងពីឆ្នាំ១៩៩៤ ហើយប្រជាជនកម្ពុជា ចងចាំជានិច្ចដោយដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះការលះបង់ របស់លោកវេជ្ជបណ្ឌិត Beat Richner ក្នុងការជួយសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជារាប់លាននាក់ តាមរយៈការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ។

លោកលើកឡើងថា ពាក់នឹងការងារបោសសម្អាតមីន ប្រទេសស្វីស គឺជាដៃគូដ៏សំខាន់ និងយូរអង្វែង។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាល ស្វីសពិចារណាបន្តជួយគាំទ្រ ក្នុងការបញ្ចប់ការងារ បោសសម្អាតមីន ឲ្យអស់ក្នុងឆ្នាំ២០២៥ និងបន្តគាំទ្រដោះស្រាយ ហានិភ័យផ្សេងៗទៀត នៃសំណល់ជាតិផ្ទុះពីសង្រ្គាម ក្រោយឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិ សកម្មភាពមីន ២០១៨-២០២៥។

ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ខួបលើកទី ៦០ នៃទំនាក់ទំនងការទូត លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះវត្តមាន ការិយាល័យ សហប្រតិបត្តិការស្វីស នៅកម្ពុជាសម្រាប់រយៈពេល ១០ឆ្នាំចុងក្រោយនេះ និងការបើកដំណើរការកម្មវិធី សហប្រតិបត្តិការស្វីសថ្មី នៅក្នុងតំបន់មេគង្គឆ្នាំ ២០២២-២០២៥ ដែលនឹងអាចជាកម្លាំងជំរុញថ្មីបន្ថែម ដល់ទំនាក់ទំនងកម្ពុជា-ស្វីស ៕

To Top