ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ អនាគតទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា-ឥណ្ឌា នឹងត្រូវបានថែរក្សាពូនជ្រំ និងពង្រឹង ឥតឈប់ឈរ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា សម្រាប់អនាគត ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ឥណ្ឌា នឹងត្រូវបានថែរក្សាពូនជ្រំ និងពង្រឹងឥតឈប់ឈរទៅមុខ លើគ្រប់វិស័យ រួមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ។

ការលើកឡើងបែបនេះធ្វើឡើង នាថ្ងៃទី៣ កុម្ភៈ ក្នុងឱកាសឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ចាក់ឌីប ថាំងកា (Jagdeep Dhankha) អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា ។ នេះក៏ជាដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងបង្អស់របស់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ប្រមុខ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការចាប់ តាំងពីឆ្នាំ១៩៥២ មក។

ក្នុងជំនួបនេះលោក ចាក់ឌីប ថាំងកា បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ ដ៏យូរលង់រវាងកម្ពុជា និងឥណ្ឌា និងបានសម្តែងនូវការពេញចិត្ត ចំពោះចំណងមិត្តភាពជាប្រពៃណី ដែលត្រូវបានថែរក្សារឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើនទៅមុខ នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌ ។ លោកអនុប្រធានាធិបតី ក៏បានរំឭកផងដែរអំពីការធ្វើដំណើររបស់ លោក មកកាន់ប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ដោយបានកោតសរសើរកម្ពុជាអំពីជោគជ័យ និងការរៀបចំដ៏ល្អឥតខ្ចោះនៃ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន លោកអនុប្រធានាធិបតី អំពីការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានសម្តែងនូវមោទកភាពព្រម ជាមួយការអរគុណចំពោះការផ្តល់កិត្តិយស និងបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ពីសំណាក់រដ្ឋាភិបាល និងកងទ័ពនៃសាធារណរដ្ឋឥណ្ឌា ដោយនេះពិតជាបានបង្ហាញអំពីការយកចិត្តទុកដាក់ និងការគោរពឱ្យតម្លៃចំពោះទំនាក់ទំនងកម្ពុជា-ឥណ្ឌា ដែលជាទំនាក់ទំនងស្អិតរមួតដិតដាម ដោយដានប្រវត្តិសាស្ត្រ ដ៏យូរលង់រាប់ពាន់ឆ្នាំក្នុងអតីតកាល។

លោកឧត្តមសេនីយ៍ ក៏បានបន្តថា នៅក្រោយការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥២ ជាពិសេសក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន រួមនឹងប្រមុខថ្នាក់ដឹកនាំឥណ្ឌាជាច្រើនរូប ចាប់តាំងពីការរំដោះប្រទេសចេញពីរបប ប៉ុល ពត ក្នុងឆ្នាំ១៩៧៩ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏បាននិងកំពុងតែមានការរីកចម្រើនជឿនលឿន ទៅមុខយ៉ាងល្អប្រសើរ ទាំងទំនាក់ទំនងកម្រិតទ្វេភាគី និងទំនាក់ទំនងក្នុងក្របខ័ណ្ឌពហុភាគី នៃវេទិកាតំបន់ និងសាកល។ សម្រាប់អនាគត ទំនាក់ទំនងដ៏ល្អនេះក៏នឹងត្រូវបានថែរក្សាពូនជ្រំ និងពង្រឹងឥតឈប់ឈរទៅមុខលើគ្រប់វិស័យ រួមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

លោកឧត្តមសេនីយ៍ ក៏បានយកឱកាសនោះ ថ្លែងអំណរគុណចំពោះសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាមិត្តល្អ ដែលតែងមានសមានចិត្តជួយ ឧបត្ថម្ភគាំទ្រដល់កម្ពុជាជាប់រហូតមក ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជា បានជួបប្រទះការលំបាក ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយឥណ្ឌាជាប្រទេស ប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជា នៅក្រោយការដួលរលំនៃរបបខ្មែរក្រហម និងក៏បានចូលរួមយ៉ាង សកម្មក្នុងកិច្ចការជាច្រើន ដូចជា៖ ការជួយបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្ស ចាប់តាំងពីឆ្នាំ១៩៨១, ការចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព, ការបញ្ជូនកងកម្លាំងថែរក្សា សន្តិភាពមួកខៀវមកកម្ពុជា និងការផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជាដើម ៕

To Top