នយោបាយ

បទវិភាគ ៖ ដំណើរទស្សនកិច្ច នៅប្រទេសចិន របស់សម្តេច ហ៊ុនសែន ក្នុងអំឡុងពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន បង្ហាញឱ្យឃើញថា រាល់ការប៉ុនប៉ង ដើម្បីផ្តាច់ទំនាក់ទំនង និងខ្សែសង្វាក់ ព្រមទាំងបង្កជាការបដិបក្ខគ្នា ជាក្រុម នឹងមិនអាចសម្រេច បាននៅអាស៊ានជាដាច់ខាត

កាលពីថ្ងៃទី ៦ ខែកុម្ភៈ ក្រសួងការបរទេសចិន បានបញ្ជាក់ថា សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ។ លោក Xu Liping អ្នកសិក្សាស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ យុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក និងសកលនៃបណិ្ឌត្យសភាវិទ្យាសាស្ត្រ សង្គមប្រទេសចិន បានលើកឡើង ក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនថា “ដំណើរទស្សនកិច្ចលើនេះ គឺធ្វើឡើងក្រោមបរិបទ ដែលការងារបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ចិនបានឈាន ចូលដំណាក់កាលថ្មី បច្ចុប្បន្ននេះ ប្រទេសចិន បានរៀបចំឡើងវិញ នូវការទៅមក នៃអ្នកដំណើរជាមួយបរទេស ហេតុនេះហើយ នេះគឺជាដំណើរ ទស្សនកិច្ចមួយ លើកដែលធ្វើឡើង សម្របទៅតាមនិន្នាការ ហើយក៏ជាដំណើរទស្សនកិច្ចមួយលើក ដែលពោរពេញទៅដោយក្តីសង្ឃឹម ដែលបានធ្វើឡើង នៅនិទាឃរដូវផងដែរ ។ ឆ្លងតាមរយៈដំណើរ ទស្សនកិច្ចលើកនេះ ប្រទេសទាំងពីរនឹងរួមគ្នា គ្រោងផែនការអំពីគោលដៅ អភិវឌ្ឍន៍រយៈពេលមធ្យមនិងយូរ ។

លោក Xu Liping បានលើកឡើងទៀតថា ការតភ្ជាប់ទំនាក់ទំនង ខាងវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺ មានសារសំខាន់ណាស់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់តំបន់អាស៊ានទាំងមូល ។ ក្នុងនាមជាប្រទេសមិនសូវរីកលូតលាស់ ប្រសិនបើកម្ពុជាអាចដោះស្រាយ បាននូវបញ្ហាផ្លូវថ្នល់និងផ្លូវដែក នោះ គ្មានអ្វីគួរឱ្យសង្ស័យឡើយ វានឹងដើរតួនាទីជំរុញយ៉ាងសកម្ម ក្នុងការកែលម្អបរិយាកាសវិនិយោគរបស់ខ្លួន បង្កើនជំនឿចិត្តរបស់ប្រជាជនកម្ពុជា ដែលចង់ស្វែងរកជីវភាព រស់នៅដ៏ល្អបវរ ក៏ដូចជាបង្កើនល្បឿន នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ។

សូមបញ្ជាក់ថា ក្នុងនាមជា”មិត្តដែកថែប”ដ៏ពិតប្រាកដរបស់ប្រទេសចិន ជានិច្ចកាល កម្ពុជាតែងតែជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់ប្រទេសចិននៅអាស៊ីអាគ្នេយ៍ ។ ទាក់ទិននឹងរឿងនេះ លោក Xu Liping បានថ្លែងថា ក្នុងបរិបទដែលភាពបម្រែបម្រួល របស់ពិភពលោក នាពេលបច្ចុប្បន្ន បានឆ្ពោះទៅរកភាព មិនប្រាកដប្រជា ពីមួយថ្ងៃទៅមួយថ្ងៃ ដំណើរទស្សនកិច្ចនៅប្រទេសចិន របស់សម្តេច ហ៊ុនសែន លើកនេះបានបញ្ចេញ សញ្ញាយ៉ាងខ្លាំង ទៅកាន់ប្រទេសជិតខាងនិង ពិភពលោកទាំងមូលថា រាល់ការប៉ុនប៉ង ដើម្បីផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ ព្រមទាំងបង្កជាការបដិបក្ខគ្នាជាក្រុម គឺ មិនអាចទទួលបានការគាំទ្រ នោះទេ ហើយទីបំផុត មុខជានឹងទទួលបរាជ័យជាមិនខាន ។

លោក Xu Liping បានសង្កត់ធ្ងន់ថា “ប្រទេសធំនៅក្រៅតំបន់មួយចំនួន បានចាត់ទុកខ្លួនថា ជា’គ្រូជំនាញសិទ្ធិមនុស្ស’ ដែលចេញបទបញ្ជា ចំពោះប្រទេស អាស៊ីអាគ្នេយ៍ តាមពិតទៅ ប្រការនេះមិនស៊ីសង្វាក់គ្នា ជាមួយតម្រូវការរបស់ប្រទេសទាំងនេះទេ ។ បើនិយាយ ចំពោះប្រទេសអាស៊ាន ភាគច្រើន ភារកិច្ចចម្បង គឺ ការអភិវឌ្ឍ សម្រេចបាននូវការធ្វើទំនើបកម្ម ផ្នែកសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅ របស់ប្រជាជន ។ កិច្ចសហប្រតិបត្តិការ រវាងចិន និងកម្ពុជាបានចាក់ ឬសគល់ ក្នុងសំណូមពរ រួមរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយរាល់ការគាបសង្កត់ និងគំរាមកំហែង ពីកម្លាំងខាងក្រៅ សុទ្ធតែមិនអាចកែប្រែទិសដៅធំ នៃកិច្ចសហប្រតិបត្តិការដ៏មេត្រីភាព រវាងចិននិងកម្ពុជានោះទេ ។

លោក Xu Liping បានលើកឡើងថែមមួយកម្រិតទៀតថា សំដៅចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ប្រទេសអាស៊ីអាគ្នេយ៍សុទ្ធតែជាអ្នកចូលរួម និងជាអ្នកគាំទ្រយ៉ាងសកម្ម ។ កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងអាស៊ាន ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ នៅពេលអនាគត កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសន្តិសុខក៏ នឹងទទួលបានការពង្រឹងនិងពង្រីក ក៏ដូចជាធ្វើឱ្យស៊ីជម្រៅផងដែរ ៕

To Top