ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង និងប្រកាន់នយោបាយចិនតែមួយ។
ក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ប្រទេសចិន ភាគីចិនប្រកាសដាក់ចេញ នូវជំហរនយោបាយ នៃទំនាក់ទំនងជាមួយកម្ពុជាចំនួន៤ រួមមាន៖ ១-ការជ្រើសរើសមាគ៌ា អភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ,២-កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នានា ,៣-ការអភិវឌ្ឍបន្តបន្ទាប់ តាមរបៀបវារៈនយោបាយកម្ពុជា និង៤-ប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ដោយឡែកកម្ពុជាវិញ បានប្រកាសនូវនយោបាយ ចំនួន៣ រួមមាន៖ ១-ប្រកាន់នយោបាយចិនមួយ ,២-ប្រឆាំងការជ្រៀតជ្រែក ពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ចិន និង៣-គាំទ្រចិន ការពារផលប្រយោជន៍ស្នូល ព្រមទាំងការបង្រួបបង្រួមជាតិ។
ភាគីទាំងពីរកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃមិត្តភាពរឹងមាណដូចដែកថែប និងឯកភាពបន្តជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់ គ្រប់ទម្រង់ ដើម្បីការអភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការជឿជាក់ផ្នែកនយោបាយ។
ភាគីទាំងពីប្រកាសពិធីសម្ពោធព្រឹត្តិការណ៍នានា នៃឆ្នាំមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន សំដៅជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាព និងកម្រិតខ្ពស់។
ភាគីចិនកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗនានា ដែលកម្ពុជាសំរេចបាន ក្នុងការកសាងស្ថិរភាពជាតិ វិបុលភាព ព្រមទាំងពង្រីកឥទ្ធិពលកម្ពុជា លើឆាកអន្តរជាតិ៕