ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ទីរកសិកម្ម ពិភាក្សាគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម ទៅតាមវិស័យនីមួយៗ នៃ ក្របខ័ណ្ឌក្នុងខេត្ត

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុបការងារនៃមន្ទីរកសិកម្មខេត្តកំពង់ចាម ឆ្នាំ ២០២២ និងទិសដៅឆ្នាំ ២០២៣ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យអង្គភាពមន្ទីរកសិកម្ម ពិភាក្សាជាមួយនឹងអង្គភាពពាក់ព័ន្ធ ដើម្បីតាក់តែងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ទៅតាមវិស័យនីមួយៗ ក្នុងក្របខ័ណ្ឌក្នុងខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានថ្លែងថា កិច្ចការដែលមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាមត្រូវពិភាក្សានោះមានដូចជា ៖ គោលនយោបាយនៃការអភិវឌ្ឍន៍ដំណាំស្រូវ , គោលនយោបាយនៃការអភិវឌ្ឍន៍ដំណាំដែលមានរយៈពេលវែង ដែលជាប្រភេទ ដំណាំកសិកឧស្សាហកម្ម និងគោលនយោបាយ នៃការអភិវឌ្ឍន៍ដំណាំរួមផ្សំផ្សេងៗ និងផ្ដោតផងដែរទៅ លើគោល នយោបាយនៃការចិញ្ចឹមសត្វ ពិសេសការចិញ្ចឹមត្រីជាដើម ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ភូមិសាស្ត្រខេត្តកំពង់ចាម គឺសម្បូរទៅដោយប្រភពទឹក បឹងបួរ ទន្លេ ។ ប៉ុន្តែ បរិមាណ ត្រីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បែរជានាំចូលពីខាងក្រៅ ដែលក្នុងមួយឆ្នាំក្នុងខេត្ត ប្រជាពលរដ្ឋត្រូវការបរិភោគត្រីប្រមាណជា ជាង ២ម៉ឺនតោន ។ ដូច្នេះចំណុចនេះដែលមន្ទីរកសិកម្មត្រូវពិភាក្សាគ្នាថា គួរធ្វើយ៉ាងម៉េច រៀបចំជាផែនការ ដាក់ចេញជា គោល នយោបាយ ក្នុងការលើកកម្ពស់ ដូចជាការចិញ្ចឹមត្រីជាដើម ពោលគឺ អាចរៀបចំជាខេត្តដែលមានកសិដ្ឋាន ផ្គត់ផ្គង់នូវពូជត្រី ដើម្បីឲ្យសហគមន៍ ប្រជាកសិកររបស់យើង បានយកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ ឬជាលក្ខណៈ សហគមន៍ ធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់ត្រី ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តគ្រប់គ្រាន់ និងអាចនាំត្រីចេញទៅខាង ក្រៅខេត្តបានផងដែរ ។

លោកអភិបាលខេត្ត បានផ្ដាំផ្ញើផងដែរថា សម្រាប់ទិសដៅឆ្នាំ ២០២៣ មន្ទីរកសិកម្ម ត្រូវរៀបចំផែនការ ផ្សារភ្ជាប់ ជាមួយគោលនយោបាយ ការអភិវឌ្ឍន៍កសិកម្មទៅលើវិស័យនីមួយៗ ធ្វើយ៉ាងណាប្រែក្លាយខេត្តកំពង់ចាម ឲ្យកាន់តែមាន សក្តានុពលថែមទៀត ព្រោះថាខេត្តកំពង់ចាមមានភូមិសាស្ត្រនិងវិទ្យាសាស្ត្រទូលំទូលាយ ដែលជាខេត្តមួយប្រកបដោយ សក្តានុពល ចំណូលនៃសេដ្ឋកិច្ចខេត្តលើវិស័យកសិកម្ម នាំមុខ ប្រមាណជាជាង ៤១% នៃសេដ្ឋកិច្ចរបស់ខេត្ត ។

ដូច្នេះយើងអាចជំរុញឲ្យប្រជាពលរដ្ឋ មានជំនាញ មានការគាំទ្រពីមូលដ្ឋាន ស្របតាមគោលនយោបាយ របស់រដ្ឋាភិបាលផង និងគោលនយោបាយនៃការអភិវឌ្ឍន៍កសិកម្មនៅក្នុងខេត្ត នឹងអាចធ្វើឲ្យប្រជាពលរដ្ឋទទួលបានផល ពីរកម្មវិធីកំណែទម្រង់ នៅក្នុងវិស័យកសិកម្ម ៕

To Top