ព័ត៌មានជាតិ

កម្ពុជា ជាទីផ្សារមួយមានតម្រូវការអគ្គិសនីចេញពីឡាវ ខណៈឡាវ ជាធុងអាគុយនៅតំបន់អាស៊ាន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឱ្យដឹងថា ឡាវ ជាធុងអាគុយអគ្គិសនីនៅតំបន់អាស៊ាន ហើយកម្ពុជា ក៏ជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីចេញពីឡាវ ដូច្នេះ កម្ពុជា-ឡាវ បានផ្ដោតការយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍវិស័យថាមពល។

ក្នុងឱកាសអញ្ជេីញធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក្រោយជំនួប ពិភាក្សាការងារទ្វេភាគី នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឡាវ គឺជាធុងអាគុយអគ្គិសនីនៅតំបន់អាស៊ាន ហើយកម្ពុជា ក៏ជាទីផ្សារមួយ ដែលមានតម្រូវការអគ្គិសនីចេញពីឡាវ ដូច្នេះប្រទេស​ទាំង​ពីរ​បានផ្ដោតយកចិត្តទុកដាក់សហការគ្នា ទៅលើការអភិវឌ្ឍវិស័យថាមពល ទាំងបញ្ហាវារីអគ្គិសនី និងធ្យូងថ្ម»។


សម្ដេចតេជោ នាយករដ្ឋមន្ដ្រី លើកឡើងថា កម្ពុជា-ឡាវ ក៏បានយល់ស្របជាមួយគ្នាទាក់ទិនទៅនឹងការតភ្ជាប់រវាង ខេត្តជាប់ពំ្រដែន នៃប្រទេសទាំងពីរ ដែលនេះជាការផ្ដល់អំណោយផលសម្រាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ លើសពីនេះ កម្ពុជា-ឡាវ ក៏បានពិភាក្សាការងារ ក្នុងតភ្ជាប់ផ្លូវដែកល្បឿនលឿនរវាងឡាវ និងបណ្ដាប្រទេសដទៃទៀត រាប់ទាំងកម្ពុជាផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ថែមថា កម្ពុជា-ឡាវ ក៏បានពិភាក្សាទៅលើវិស័យទេសចរណ៍ ដោយតភ្ជាប់រវាង ប្រទេសទាំងពីរ តាមផ្លូវគោក និងផ្លូវអាកាស ដើម្បីផ្ដល់ឱ្យសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្ដរវាងប្រទេសទាំងពីរ។ ជាងនេះទៅទៀត កម្ពុជា-ឡាវ បន្ដខិតខំធ្វើការងារទាំងឡាយ ទាក់ទងទៅនឹងបញ្ហាព្រំដែន ឱ្យទៅជាព្រំដែនដែលសន្ដិភាព សហប្រតិបត្តិការ ព្រមទាំងដោះស្រាយបញ្ហាទាំងអស់នាពេលខាងមុខនេះផងដែរ៕

To Top