ព័ត៌មានជាតិ

លោក ប៉ា ច័ន្ទរឿន ៖ ករណីបរិហារគ្នា រវាងប្រពន្ធដើម-ចុង លើបណ្តាញសង្គម ឆ្លុះបញ្ចាំងពីសីលធម៌ចុះទាប

ភ្នំពេញ ៖ ប្រធានវិទ្យាស្ថានប្រធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន បានហៅការបរិហារកេរ្តិ៍គ្នា រវាងជម្លោះប្រពន្ធដើម និងប្រពន្ធចុង ដោយសារប្តីលួចមានសហាយស្មន់ លើបណ្តាញសង្គមបានឆ្លុះបញ្ចាំង ពីផ្នែកសីលធម៌ក្នុងសង្គមធ្លាក់ចុះ។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីរឿងរ៉ាវរវាងប្តី-ប្រពន្ធកើតឡើង ស្ទើរតែរៀងរាល់ថ្ងៃ ដែលករណីខ្លះបង្កដោយប្តីមានប្រពន្ធចុង ឬស្រីស្នេហ៍ និងខ្លះទៀតភាគតិចប្រពន្ធលួចទាក់ទងប្រុសផ្សេង ហើយបង្កើតឲ្យមានជម្លោះរវាងគូទំនាស់ទាំងសងខាង ។ ខ្លះក៏ឈានទៅដល់ហិង្សាធ្ងន់ធ្ងរ និងមួយចំណែកទៀត ក៏មានករណីស្លាប់ផងដែរ ។ ជាក់ស្តែងប៉ុន្មានថ្ងៃមកនេះ ប្តីលួចមានប្រពន្ធចុងរហូតប្រពន្ធដើមតាមទាន់ ហើយប្រើហិង្សាលើប្រពន្ធចុងរហូតដល់ប្រពន្ធចុងរបូតខោអាវចេញពីខ្លួន ហើយត្រូវប្រពន្ធដើមយកមកបង្ហោះក្នុងបណ្តាញសង្គម ដើម្បីបង្ហាញឲ្យសាធារណៈជនបានឃើញពីមុខមាត់ប្រពន្ធចុង។

ដោយសារចំណុចទាំងអស់នេះហើយ ទើបលោក ប៉ា ច័ន្ទរឿន យល់ឃើញថា ផ្នែកសីលធម៌ហាក់នៅមានកម្រិត សម្រាប់មនុស្សមួយចំនួន ។ លោកបាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១៣ កុម្ភៈ ករណីប្តីមានស្រីក្រៅ ប្រពន្ធដើម ប្រពន្ធចុងទៅបរិហារគ្នា នៅលើបណ្តាញសង្គម គឺជារូបភាពមួយឆ្លុះបង្ហាញ ឲ្យឃើញ ពីបញ្ហាអសីលធម៌ ហើយកម្រិត នៃសីលធម៌ក៏បានធ្លាក់ចុះទាប ក្នុងសង្គមដែលប្រជាពលរដ្ឋមួយចំនួន នាពេលសព្វថ្ងៃនេះ មិនសូវខ្វាយខ្វល់យកចិត្តទុកដាក់ សឹងតែលែងស្គាល់ខុសត្រូវអ្វី ដែលហៅថាជាសេចក្តីថ្លៃថ្នូរ ។ អ្វីដែលមិនគួរធ្វើ ក៏ពួកគាត់ធ្វើដែរ ។ ​​​​​​​​​​
លោកថា ទាំងអស់នេះ គឺជាកត្តាគួរឲ្យព្រួយបារម្ភ ខណៈកម្ពុជាកំពុងមានការរីកចម្រើនខ្ពស់ខាងផ្នែកសេដ្ឋកិច្ច ។ ប៉ុន្តែលោកថា “តែផ្នែកសា្មរតី ផ្នែកសីលធម៌ក្នុង សង្គមយើងរាល់ថ្ងៃនេះ ដូចជាអត់ទាន់ងើបពីបាត់ដាលនៅឡើយទេ ដែលទាមទារឲ្យមានការយក ចិត្តទុកដាក់បន្ថែម ពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ និងស្តារគុណតម្លៃផ្នែកសីលធម៌ក្នុងសង្គមយើងឡើងវិញ ទើបជាតិយើងមានភាពថ្លៃថ្នូរទៅបាន” ៕

To Top