នយោបាយ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រើពេល៣ម៉ោង ពន្យល់ VOD រឿងផ្សាយព័ត៌មានខុសការពិត

ភ្នំពេញ៖ ក្រោយការបិទវិទ្យុ VOD មិនឲ្យដំណើរ លោក ផៃ ស៊ីផាន ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ៗថា លោកបានប្រើពេលវេលា ៣ម៉ោង ដើម្បីពន្យល់សារព័ត៌មាន VOD ពីរឿងផ្សាយព័ត៌មាន បំភ្លៃខុសការពិត ជុំវិញការចុះហត្ថលេខា ផ្ដល់ជំនួយទៅប្រទេសតួកគី ។ លោកថា មិនត្រឹមតែមិនស្ដាប់ ការពន្យល់នោះទេ តែ VOD ថែមទាំងមិនកែសម្រួល នូវអត្ថបទដែលខ្លួនបានចុះផ្សាយ ។

ការជួបជាមួយអ្នកសារព័ត៌មាន VOD របស់លោក ផៃ ស៊ីផាន ដើម្បីពន្យល់ អំពីការផ្សាយព័ត៌មានខុសរបស់ VOD ធ្វើឡើងបន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក ” របស់រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុង VOD គឺខ្ញុំខ្លួនឯងផ្ទាល់ បានទៅសម្របសម្រួល បានទៅចំណាយ ពេល៣ម៉ោង ដើម្បីពន្យល់ប្រាប់គ្រប់ បែបយ៉ាងតាំងពីរបបសារព័ត៌មាន តាំងពីច្បាប់សារព័ត៌មាន អំពីការជួសជុល ការផ្សាយមិនត្រឹមត្រូវ ផ្សាយពង្វៀង ផ្សាយដាក់បន្ទុកមកលើខ្ញុំផ្ទាល់ គឺដែលចោទថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចុះហត្ថលេខា គឺខ្ញុំអត់មានបាននិយាយអីចឹងទេ ។ យើងខ្ញុំបានទៅសុំផ្ទាល់ ចំណាយពេល៣ម៉ោង ប្រកបដោយភាពទន់ភ្លន់ និងកិច្ចសហការ ថាសូមឲ្យធ្វើការកែសម្រួល កែតម្រូវ ឬក៏សុំទោស។ គឺគេអត់ធ្វើអីចឹងជាដាច់ខាត»។

លោកបន្ថែមថា បើសិនជាអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានការរើសអើងជាមួយអ្នកសារព័ត៌មាន គឺអង្គភាពមិនអាចនឹងមានលទ្ធភាពរៀបចំវេទិការនេះទេ ។

សូមបញ្ជាក់ផងដែរថា ក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេច លុបអាជ្ញាបណ្ណវិទ្យុវីអូឌី ដោយសារអង្គភាពនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវសារព័ត៌មាន ធ្វើឲ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមកែសម្រួល តាមបទប្បញ្ញត្តិច្បាប់ ស្ដីពីរបបសារព័ត៌មាន ។

សេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យលុបចោលអាជ្ញាបណ្ណវិទ្យុ VOD ចាប់ពីថ្ងៃទី១២ កុម្ភៈតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ នៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ជាកំហិត។

ជាមួយគ្នានោះ សម្ដេចតេជោក៏បានបញ្ជាក់ជំហរមិនផ្លាស់ប្តូរ ការសម្រេចចិត្តបិទចោលវិទ្យុវីអូឌី នោះឡើយ ទោះវិទ្យុនេះចេញលិខិតសុំទោស សម្ដេចទាំងកណ្ដាលអាធ្រាត្រថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ក៏ដោយ ៕

To Top