ព័ត៌មានជាតិ

ចិន គាំទ្រគម្រោងផ្លូវដែកល្បឿនលឿន នៅកម្ពុជា ដោយផ្ដល់ជិត៤៤លានដុល្លារ ដោះស្រាយផលប៉ះពាល់

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មិត្តដែកថែបចិន បានប្រកាសគាំទ្រដល់គម្រោងស្តារឡើងវិញ នូវផ្លូវដែកល្បឿលឿននៅកម្ពុជា ដោយភាគីចិនផ្ដល់ថវិកា៣០០លានយ័ន (ជិត៤៤លានដុល្លារ) ដើម្បីយកមកសិក្សា ឬដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋ។

ការផ្តល់ថវិកានេះ បានធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចនៅចិននាថ្ងៃ៩ កុម្ភៈ ។ សម្រាប់ដំណើរទស្សនកិច្ច២ ថ្ងៃនៅចិនចាប់ពីថ្ងៃ៨-១០កុម្ភៈ សម្តេចបានជួបប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ព្រមទាំងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន នៅកម្ពុជារបស់ចិនផងដែរ។ គម្រោងស្តារឡើងវិញនូវផ្លូវដែកល្បឿនលឿននេះ នឹងតភ្ជាប់ពីកម្ពុជាទៅប្រទេសក្បែខាងមួយចំនួន ហើយនឹងឈានឆ្ពោះទៅចិនផងដែរ ។

ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ លើប្រធានបទ «បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស» នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា គ្រោងស្ដារផ្លូវដែកនៅកម្ពុជា រាជរដ្ឋាភិបាលបានជំរុញ ឲ្យក្រសួងរកនីតិវិធីគ្រប់បែបយ៉ាង ដើម្បីស្តារឡើងវិញ។

លោកទេសរដ្ឋមន្ដ្រីបញ្ជាក់ថា «ក្នុងកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និងសម្ដេចតេជោ ហ៊ុន សែន ហើយប្រធានាធិបតីចិន ស៊ី ជីនពីង លោកអ្នកលើកឡើង។ សម្ដេចមិនទាន់បានលើកទេ ប៉ុន្ដែប្រធានាធិបតីចិន ស៊ី ជីនពីង លើកមុនថា យើងខ្ញុំគាំទ្រផ្លូវដែកល្បឿនលឿននៅកម្ពុជាតភ្ជាប់ទៅថៃ តភ្ជាប់ទៅឡាវ តភ្ជាប់ទៅចិន ហើយផ្ដល់ថវិកា៣០០លានយ័ន ដើម្បីយកមកចាត់ការ មកសិក្សា ឬដោះស្រាយផលប៉ះពាល់ប្រជារាស្ដ្រ នៅតាមដងផ្លូវដែកភ្នំពេញ ទៅប៉ោយប៉ែតថែមទៀត»។

លោកទេសរដ្ឋមន្ដ្រីឲ្យដឹងទៀតថា ថវិកា៣០០លានយ័ននេះ សម្ដេចតេជោ មិនបានស្នើសុំឡើយ គឺមិត្តចិនផ្ដល់ឲ្យតែម្ដង។ លោកក៏បានជំរុញក្រុមការងារសិក្សាគ្រោងផ្លូវដែកនេះ ទាំងខាងជើង និងខាងត្បូង។

លោកទេសរដ្ឋមន្ដ្រីបន្ដថា ដោយឡែកក្នុងជំនួបរវាង សម្ដេចតេជោ និងនាយករដ្ឋមន្ដ្រីចិន ភាគីចិនក៏បានគាំទ្រផ្លូវដែកនៅកម្ពុជាដែរ។ លោកបញ្ជាក់ទៀតថា «តើយើងត្រូវធ្វើរបៀបណា? នូវផ្លូវដែកនេះ យើងមិនចង់ខ្ជីថវិការាប់ពាន់លាន ហើយឡាវខ្ជីថវិកាមកកសាងផ្លូវដែក»។

លោកទេសរដ្ឋមន្ដ្រីបន្ថែមថា ក្នុងជំនួបជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ដ្រីចិន សម្ដេចតេជោបានលើកពីគម្រោងផ្លូវដែកនៅកម្ពុជា ដោយចង់ធ្វើផ្លូវប្រភេទ BOT ឬ PP ខណៈសម្ដេចបានឲ្យក្រុមហ៊ុនចិន ពិនិត្យសិក្សាផ្លូវដែកនៅកម្ពុជា ដោយប្រើនីតិវិធី BOT៕

To Top