ស្វាយរៀង ៖ មន្ត្រីពន្ធដាខេត្តស្វាយរៀង និងសមត្ថកិច្ចដែលបានចុះអនុវត្តច្បាប់ ចាប់គោយន្តដឹកដី នៅកណ្តាលវាលស្រែ ផាកពិន័យចំនួន ២០ ម៉ឺនរៀល ក្នុងមួយគោយន្ត ដែលពលរដ្ឋ បានបង្ហោះ តាមបណ្ដាញសង្គម កំពុងតែផ្ទុះការចាប់អារម្មណ៍ កាលពីនៅថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពលរដ្ឋបានលើកឡើងថា គោយន្តកែច្នៃរបស់ពួកគាត់ គឺជាគោយន្តដែលបំពាក់ដោយម៉ាស៊ីនគោយន្ត គឺមិនមែនជាម៉ាស៊ីន រថយន្តនោះទេ ដូច្នេះសូមមន្ត្រីជំនាញ ពិនិត្យនិងពិចារណាឡើងវិញ ចំពោះការផាកពិន័យ ទៅលើគោយន្តរបស់ពួកគាត់ ដែលប្រកបរបររកស៊ីដឹកដី បានបន្តិចបន្តួច គ្រាន់តែចិញ្ចឹមជីវិតនោះ ។
ជុំវិញករណីនេះ មន្ត្រីពន្ធដាខេត្តស្វាយរៀង បានបញ្ជាក់ថា យោងតាមប្រកាស លេខ៥៣១ សហវ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការប្រមូលពន្ធលេីមធ្យោបាយ ដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឧបសម្ព័ន្ធ១ ចំណុច ខ១ ចែងថា រថយន្តដែលបំប្លែងមកពីគោយន្ត ត្រូវបង់ពន្ធចំនួន២០០,០០០រៀល សម្រាប់១ឆ្នាំ ក្នុងមួយគ្រឿង។
មន្ត្រីពន្ធដាខេត្តបានបន្តថា កាលពីថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមការងារចុះពិនិត្យ ពន្ធលេីមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទ របស់សាខាពន្ធដារខេត្តស្វាយរៀង បានចុះពិនិត្យតាមដងផ្លូវ នៅជិតនឹងទីតាំងដែលយានយន្តកែច្នៃនោះ កំពុងចរាចរណ៍និងប្រកបអាជីវកម្ម ហេីយបានពិនិត្យឃេីញថា មិនទាន់បង់ពន្ធលេីមធ្យោបាយដឹកជញ្ជូននៃយានជំនិះនៅឡេីយ ស្របតាមប្រកាស ជាធរមាន ទេីបកម្លាំងចម្រុះចុះ ដល់ទីតាំងដេីម្បីណែនាំនិងអញ្ជេីញម្ចាស់គោយន្ត កែច្នៃទាំងនោះមកបង់នៅតាមគោលដៅ ដែលបានកំណត់។
មន្ត្រីបានបញ្ជាក់ថា គោយន្តកែច្នៃទាំងនោះជាប្រភេទយានយន្តអាជីវកម្មដឹកដី មិនមែនជាយានយន្តកសិកម្មសុទ្ធសាធនោះទេ លេីសពីនេះ ក្នុងករណីបេីពិនិត្យឃេីញថា មន្ត្រីចុះអនុវត្តផ្ទាល់បានប្រព្រឹត្តខុសពីគោលការណ៍ ក្នុងប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដា នឹងចាត់វិធានការយ៉ាងឆាប់រហ័សផងដែរ ៕