ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ កម្ពុជា-វៀតណាម អះអាងថា ការជួយគ្នាទៅវិញទៅមក គឺជាទ្រព្យសម្បត្តិ មិនអាចកាត់ថ្លៃ

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងាររវាងមេដឹកនាំកំពូល កម្ពុជា-វៀតណាម នាទីក្រុងហាណូយ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មេដឹកនាំទាំងពីរ បានបញ្ជាក់អំពី ទំនាក់ទំនងជាប្រពៃណី មិត្តភាពយ៉ាងជិតស្និទ្ធ ការជួយគ្នាទៅវិញទៅមក គឺជាទ្រព្យសម្បត្តិ មិនអាចកាត់ថ្លៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ បានធ្វើរបាការណ៍ជូនគ្នាទៅវិញទៅមក អំពីស្ថានការណ៍របស់គណបក្ស និង ប្រទេសនីមួយៗ ក៏ដូចជាធ្វើការផ្លាស់ប្តូរយោបល់អំពីស្ថានភាពតំបន់ និងពិភពលោក ជាពិសេស លទ្ធផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងគណបក្ស និងរដ្ឋនៃប្រទេសទាំងពីរនាពេល កន្លងមក និងបានដាក់ចេញទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា «ភាគីទាំងពីបន្តបញ្ជាក់ អំពីទំនាក់ទំនងជាប្រពៃណី មិត្តភាពយ៉ាងជិតស្និទ្ធ ការជួយគ្នា ទៅវិញទៅមករវាង កម្ពុជា-វៀតណាម ក៏ដូចជារវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលជាទ្រព្យសម្បត្តិ មិនអាចកាត់ថ្លៃបាន ក្នុងបុព្វហេតុតស៊ូដើម្បីរំដោះជាតិ និងប្រជាជន ការពារ ឯករាជ្យ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ នីមួយៗ»។

ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សរដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនស៊ីជម្រៅឥតឈប់ឈរ លើគ្រប់វិស័យ ព្រមទាំងបានជូនពរគ្នាទៅវិញទៅមកចំពោះសមិទ្ធផលដ៏មានសារៈសំខាន់គ្រប់ វិស័យដែលប្រជាជននៃប្រទេសទាំងពីរ សម្រេចបានក្នុងបេសកកម្មកសាង និងអភិវឌ្ឍន៍ជាតិ។

ថ្នាក់ដឹកនាំទាំងពីរ បានសង្កត់ធ្ងន់ អំពីសារៈសំខាន់ ជាយុទ្ធសាស្ត្រនៃទំនាក់ទំនង កម្ពុជា- វៀតណាម ចំពោះសន្តិសុខ និងការអភិវឌ្ឍជាតិនៃប្រទេសនីមួយៗ ដើម្បីសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំទាំងពីរ បានគាំទ្រយោបល់គ្នាទៅវិញទៅមក និង ឯកភាពបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងនយោបាយ រួមទាំងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបម្រើឱ្យបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិនីមួយៗ៕

To Top