ព័ត៌មានជាតិ

លោក កៅ ថាច អញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានរបស់ ARDB ជូនប្រជាពលរដ្ឋតំណាឲ្យសហគមន៍កសិកម្មចំនួន២ នៅស្រុកកំពង់ស្វាយ

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានរបស់ ARDB ជូនដល់បងប្អូនប្រជាពលរដ្ឋតំណាងអោយសហគមន៍កសិកម្មចំនួន២ គឺ ១.សហគមន៍កសិកម្មនិរន្តរ៍សាមគ្គីភូមិខ្ញុំ និង២. សហគមន៍កសិកម្មឃុំត្រពាំងឬស្សី សរុបចំនួន៦១ នាក់ ដែលមានទីតាំងស្ថិតនៅភូមិ សេរីវង្ស ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឆ្លៀតក្នុងឱកាសនេះលោកបណ្ឌិតបានពិភាក្សា ជាបងប្អូនក្នុងសហគមន៍ ដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈម និង ការលំបាកនានាក្នុងរបរដាំដុះបន្លែ របស់បងប្អូនសហគមន៍ទាំងពីរ។

បន្ទាប់មក លោកបណ្ឌិតបានជូនយោបល់មួយចំនួនដូចខាងក្រោមជូនបងប្អូនក្នុងសហគមន៍ដើម្បីជាគំនិតសម្រាប់ការពិចារណា÷

(១). បងប្អូនកសិករគួរចងក្រងគ្នាជាបណ្តុំផលិត និងពង្រីកការផលិតបន្លែតាមផ្ទះសំណាញ់ ដែលងាយស្រួលក្នុងការគ្រប់គ្រងការដាំដុះ ហើយគុណភាពបន្លែល្អជាងបើធៀបនឹងការដាំដុះនៅទីវាល ហើយអាចការពារបាននូវសត្វល្អិត និងងជំងឺផ្សេងៗបានល្អប្រសើរ និងបានតំលៃខ្ពស់នៅពេលផ្គត់ផ្គង់ចូលទីផ្សារ។

(២). បងប្អូនត្រូវចេះគ្រប់គ្រងថ្លៃដើមក្នុងការដាំដុះ, គ្រប់គ្រងការប្រើប្រាស់ជី ថ្នាំកសិកម្មអោយត្រូវតាមក្បូនបច្ចេកទេស និងឲ្យមានប្រសិទ្ធភាពខ្ពស់។ នៅពេលបងប្អូនចេះគិតគូរ និងដឹងពីថ្លៃដើផលិត ឣាចឲ្យបងប្អូនកំណត់តម្លៃលក់បានត្រឹមត្រូវនៅលើទីផ្សារ។ ការលក់បានថោក ឬថ្លៃ គឺប្រៀបធៀបនឹងថ្លៃដើមផលិតរបស់បងប្អូន គឺមិនមែនប្រៀបធៀបនឹងតម្លៃលក់ក្នុងរដូវកាលខ្វះបន្លែដែលមានថ្លៃខ្ពស់នោះឡើយ។

លើពីនេះទៀត លោកបណ្ឌិតជម្រាបជូនបងប្អូនថា ARDB ជាធនាគារបម្រើគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ធនាគារ ARDB ត្រៀមឥណទានសម្រាប់បងប្អូនដែលមានតម្រូវការឥណទានសម្រាប់ការពង្រីកផ្ទះសំណាញ់ និងចងក្រងជាបណ្តុំក្នុងការផលិតបន្លែសុវត្ថិភាព។

ជាចុងក្រោយ លោកបណ្ឌិត រំលឹកបងប្អូនឣំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយលោកអញ្ជើញបងប្អូនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីចូលរួមការពារ ថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍជានិរន្តន៍។

សូមបញ្ជាក់ផងដែរថា សហគមន៍កសិកម្មទាំងពីរនេះត្រូវបានចុះបញ្ជីនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះមុខរបររបស់បងប្អូនមាន ៖ ដាំដុះស្រូវ, ដាំបន្លែតាមទីវាល ដូចជានោង ឳឡឹក ត្រឡាច ត្រសក់ ប៉េងបោះ ជាដើម និងការដាំដុះបន្លែក្នុងផ្ទះសំណាញ់ដូចជាស្ពៃក្រញាញ់ ស្ពៃតឿ និងរបរបន្ទាប់បន្សំគឺចិញ្ចឹមមាន់៕

To Top