ព័ត៌មានជាតិ

អគ្គនាយកARDB អញ្ជើញចុះពិនិត្យទីតាំងប្រកបអាជីវកម្មមួយចំនួន នាស្រុកកំពង់ស្វាយ

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងប្រកបអាជីវកម្មមួយចំនួនរបស់សហគមន៍កសិកម្មឃុំត្រពាំងឬស្សី ស្ថិតនៅភូមិគោគនួង ឃុំត្រពាំឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា សហគមន៍កសិកម្មនេះត្រូវបានចុះបញ្ជីនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយមានសមាជិកសហគមន៍ប្រកបរបរផលិតស្រូវពូជផ្ការំដួល មានផ្ទៃដី ៥០ហិចតា, ៤០ គ្រួសារ, ផលិតបានស្រូវពូជផ្ការំដួល ១៧០ តោនស្រូវពូជក្នុងមួយឆ្នាំ និងទីផ្សារផ្គត់ផ្គង់ដល់កសិករនៅក្នុងខេត្តកំពង់ធំ។

យកឱកាសនោះ លោកបណ្ឌិតប្រតិភូបានជម្រាបអំពីតួនាទីរបស់ធនាគារ ARDB ជាធនាគារបម្រើគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជូនដល់ប្រធានសហគមន៍ដើម្បីជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយបន្តដល់សមាជិកសហគមន៍។

បន្ថែមលើនេះ លោកបណ្ឌិត បានជម្រាបជូនដល់សហគមផងដែរថា ធនាគារ ARDB ត្រៀមកញ្ចប់ឥណទាន សម្រាប់បងប្អូនដែលមានតម្រូវការឥណទានសម្រាប់របរផលិតពូជស្រូវ និង/ឬ ជាទុនបង្វិលសម្រាប់ប្រមូលទិញពូជស្រូវផងដែរ។ ក្នុងករណីសហគមន៍មានចំណាប់អារម្មណ៍ អាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន ៕

To Top