ព័ត៌មានជាតិ

អភិបាលរង ខេត្តស្វាយរៀង ណែនាំឲ្យអាជ្ញាធរស្រុករំដួល ត្រូវបង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទ ឲ្យបានដូចភ្លៀងរលឹម

ស្វាយរៀង ៖ លោករស់ ផារិទ្ធ អភិបាលរង ខេត្តស្វាយរៀង និងក្នុងនាមក្រុមការងារជំរុញ ការអនុវត្តបង្រ្កាប ល្បែងស៊ីសងខុសច្បាប់ នៅស្រុករំដួល បានថ្លែងណែនាំ ដល់អាជ្ញាធរ កងកម្លាំងទាំងបី ត្រូវបន្តបង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទ ឲ្យបានដូចភ្លៀងរលឹម ដើម្បីធានាឱ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព គ្មានល្បែងស៊ីសងខុសច្បាប់កើតមានឡើង នៅតាមមូលដ្ឋានភូមិ ឃុំ នៅក្នុងភូមិសាស្រ្តស្រុករំដួល ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិទាំង៧យ៉ាង ហើយការងារនេះ ត្រូវធ្វើសកម្មភាពជាប់ជាប្រចាំផងដែរ ។

ការថ្លែងបែបនេះ របស់លោករស់ ផារិទ្ធ បានធ្វើឡើង ខណៈដែលលោកបានដឹកនាំកិច្ចប្រជុំជំរុញ និងពង្រឹងការបង្រា្កបល្បែងស៊ីសងខុសច្បាប់ នៅសាលប្រជុំសាលាស្រុករំដួល នាព្រឹកថ្ងៃទី២១ខែកុម្ភះឆ្នាំ២០២៣ ដែលមានការចូលរួម ពីលោកហែម ស៊ីណា អភិបាលស្រុករំដួល កងកម្លាំងទាំងបីប្រភេទ និងមន្ត្រី ដែលពាក់ព័ន្ធជាច្រើនរូបផងដែរ ។

លោកអភិបាលរង ខេត្តស្វាយរៀង បានថ្លែងបន្តថា ដើម្បីអនុវត្តការបង្ក្រាបល្បែងស៊ីសង ឲ្យមានប្រសិទ្ធភាពខ្ពស់ មន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវមាន កិច្ចសហការល្អ រវាងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសគណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុក ដោយមានកងកម្លាំង ទាំងបីជាសេនាធិការ និងការចូលរួមរបស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ នាពេលកន្លង ត្រូវធ្វើការងារនេះឱ្យខាងតែបាន និងមានប្រសិទ្ធភាព៕

To Top