ព័ត៌មានជាតិ

ស្ត្រីក្លាយជាកម្លាំងចលករ រួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គម

ភ្នំពេញ ៖ លោកស្រី អ៊ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីក្លាយជាកម្លាំងចលករ ដែលបានរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍសង្គមផងដែរ ។

ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្ដិភាព លោកស្រី អ៊ឹង កន្ថាផាវី បានឲ្យដឹងថា នៅឆ្នាំ២០២២ មន្ត្រីរាជការស្ត្រីមានចំនួន ៦៨២២ នាក់ នៃមន្ត្រីរាជការសរុប ២៨៥៤២នាក់ បានទទួលការពង្រឹង សមត្ថភាពលើចំណេះដឹង និងជំនាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

លោកស្រីបញ្ជាក់ថា «ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។ កម្លាំងពលកម្មស្រ្តីមានប្រមាណ៨៤ % ហើយស្រ្តីប្រមាណ ៦១% ជាម្ចាស់អាជីកម្ម ឬអ្នកធ្វើធុរកិច្ចដែលជាអត្រាខ្ពស់ក្នុងតំបន់»។

លោកស្រីបន្ដថា នៅឆ្នាំ២០២២ ស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី២០%ទៅ ២២% និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី៣០% ទៅ ៣២%។ ទោះជាយ៉ាងណា លោកស្រីបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផល សម្រេចបាននេះ ក៏នៅមានបញ្ហាប្រឈម និងកង្វល់មួយចំនួន ដែលត្រូវបន្តរួមគ្នាដោះស្រាយ តាមរយៈយន្តការបញ្ជ្រាបយេនឌ័រ នៅថ្នាក់ជាតិ និងក្រោមជាតិ កិច្ចការពារសិទ្ធិស្ត្រី តម្រូវឲ្យមានការអភិវឌ្ឍ ធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន ពង្រីកវិសាល ភាពការងារ ដើម្បីឆ្លើយតបទៅការវិវត្តន៍ថ្មីៗ និងបញ្ហារបស់ស្ត្រី និងក្មេងស្រី មានជាអាទិ៍ ៖ បទពិសោធន៍ ចំណេះដឹង ជំនាញ ទីផ្សារការងារ និងមុខរបរ និងសុវត្ថិភាពពាក់ព័ន្ធ បច្ចេកវិទ្យាឌីជីថលដើម ។

លោកស្រី ប្រធានក្រុមប្រឹក្សាជាតិ ក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ បានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោជានិច្ចកាល តែងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាព របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ឲ្យសម្រេចបានវឌ្ឍនភាព ក្រោមសុខសន្តិភាពជាតិ ៕

To Top