ព័ត៌មានជាតិ

សម្ដេចតេជោ លើកទឹកចិត្តវិនិយោគិនបារាំង មកវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្មនៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគបារាំង ឲ្យមានការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម នៅប្រទេសកម្ពុជា។

នាឱកាសអនុញ្ញាតឲ្យលោក រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីគោលនយោបាយ កសិកម្មរបស់កម្ពុជា ក្នុងនោះ ការជំរុញការកែច្នៃស្រូវ សម្រាប់ការនាំចេញ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេច បានលើកឡើង អំពី កង្វះខាតនូវម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និងនាំអង្ករចេញពីកម្ពុជា។ សម្ដេច ថា គោលនយោបាយឧស្សាហកម្មកម្ពុជា ដែលកម្ពុជាចង់បាន គឺឧស្សាហកម្មកែច្នៃសម្រាប់កែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យា។

សម្ដេច បានបន្ថែមថា ច្បាប់វិនិយោគនៅកម្ពុជា គឺមានភាពអនុគ្រោះខ្លាំង នោះគឺអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសមក វិនិយោគ ១០០% នៅកម្ពុជា ហើយក៏អនុញ្ញាតឲ្យប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់បើកប្រាក់ខែជូនកម្មករផងដែរ។ ក្នុងន័យនេះ សម្ដេច បញ្ជាក់ថា « លើកទឹកចិត្តឲ្យមានការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្មនេះ»។

ជាការឆ្លើយតបលោក អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានកត់ត្រាទុកនៅរាល់អ្វីដែល សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញ ហើយលោក នឹងធ្វើអន្តរាគមន៍លើបញ្ហាទាំងនេះ។ លោក លើកឡើងអំពីការបើកសាខាបច្ចេកទេស នៅកម្ពុជា និងបង្កើនជំនួយដល់កម្ពុជាថែមទៀត ជាមួយនឹងការជួយកម្ពុជា លើបណ្ដាញអគ្គិសនី សម្រាប់អគ្គិស នីកកើតឡើងវិញ៕

To Top