នយោបាយ

បក្សកាន់អំណាច អំពាវនាវឲ្យចាត់ការច្បាប់ លើ សម រង្ស៊ី ដែលប្រមាថ ម្តងហើយម្តងទៀត អង្គព្រះមហាក្សត្រ

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនាពេលបច្ចុប្បន្ន បានប្រកាសថ្កោលទោស លោក សម រង្ស៊ី និងអំពាវនាវ ឲ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ចាត់វិធានការផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ព្រមទាំងបក្ខពួក ដែលតែងតែប្រមាថម្តង ហើយ ម្តងទៀត ដល់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សម រង្ស៊ី ដែលថ្នាក់ដឹកនាំកំពូលកម្ពុជា បានចាត់ទុកជា ទណ្ឌិតឧទ្ទាមក្រៅច្បាប់ និងជាពូជក្បត់ជាតិ៣ជំនាន់នោះ បានចោទប្រកាន់យ៉ាងគឃ្លីន ដល់ព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ខណៈព្រះអង្គបានចេញព្រះរាជសារ អំពាវនាវឲ្យប្រជារាស្ត្រទៅបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។

សម្រាប់ការប្រមាថយ៉ាងធ្ងន់ធ្ងរ ជាថ្មីម្តងទៀត ពីសំណាក់លោក សម រង្ស៊ីនេះ គណបក្សប្រជាជនកម្ពុជា នាថ្ងៃ២២ កុម្ភៈនេះ បានចេញញត្តិថ្កោលទោសផងដែរ ។ ក្នុងញត្តិនោះបក្សកាន់អំណាច បានចាត់ទុកសាររបស់អតីតមេបក្ស ប្រឆាំង កំពុងនៅក្រៅប្រទេសរូបនេះថា ជាអំពើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរបំផុត មិនអាចលើកលែងឲ្យបានជាដាច់ខាត ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ៖ “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ” និងបទល្មើស ព្រហ្មទណ្ឌ ដែលមានចែង និងផ្ដន្ទាទោស តាមបទបញ្ញត្តិ នៃក្រមព្រហ្មទណ្ឌកម្ពុជា ។

តាមរយៈញត្តិថ្កោលទោសបន្តថា ការប្រមាថរបស់ទណ្ឌិតក្បត់ជាតិតពូជ ចំពោះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋបុរសស្នេហាជាតិ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុត ដល់រដ្ឋធម្មនុញ្ញកម្ពុជា ។

ក្នុងញត្តិថ្កោលទោសបញ្ជាក់ថា «គណបក្សប្រជាជន កម្ពុជា សូមអំពាវនាវ អាជ្ញាធរមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ចាត់វិធានការផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ទៅលើទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ព្រមទាំងបក្សពួកដែលហ៊ានប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមាន ដែលមិនអាចអត់អោន ឱ្យបានជាដាច់ខាត» ។

គណបក្សប្រជាជនកម្ពុជា ក៏បានប្ដេជ្ញា និងប្រកាសជាឱឡារិកថា នឹងបន្តគោរពគាំទ្រ និងដង្ហែតាមអង្គព្រះមហាក្សត្រដែលជាឥស្សរជន និងជាវីរៈបុរស ស្នេហាជាតិដ៏កំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ជារៀងរហូតតទៅ ៕
093213429

To Top