ព័ត៌មានជាតិ

អាល្លឺម៉ង់ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការស្វែងរកសន្តិភាព នៅកម្ពុជា

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា អាល្លឺម៉ង់ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាដូចសព្វថ្ងៃនេះ។

ការបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភាធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

សម្តេច ហេង សំរិន បានលើកឡើងថា អាល្លឺម៉ង់ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ និងការផ្តល់ជំនួយសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍន៍នានា និងតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម និងវប្បធម៌ដ៏ល្អជាមួយគ្នាផងដែរ។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានទំនាក់ទំនងការទូត ជាមួយគ្នារយៈពេលជាង៥ទសវត្សរ៍មកហើយ។ ទំនាក់ទំនងដ៏ល្អនេះ ត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរឡើង ជាបន្តបន្ទាប់។ កាលពីសប្តាហ៍មុនប្រធានាធិបតីអាលឺ្លម៉ង់ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលបានបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរថែមទៀត។

សម្តេចថា សម្រាប់ដំណើរ ទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូនាពេលនេះ នឹងកាន់តែជួយ លើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អដែលមានស្រាប់ ជាពិសេស រវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរកាន់តែស្អិតរមួត និងរីកចម្រើនខ្លាំងក្លាទ្វេដង។
ចំណែកលោកស្រី ហ្កាប្រីអែល កាតស្មារ៉ែក បានលើកឡើងថា កម្ពុជា-អាល្លឺម៉ង់មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាតំាងពីរយូរណាស់ មកហើយ ដូច្នេះប្រទេសទំាងពីរត្រូវពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែស៊ីជម្រៅនិងរឹងមាំបន្ថែមទៀត ក្នុងការកសាងសមិទ្ធផលថ្មីៗ ដល់ប្រទេសទំាងសងខាង ៕

To Top