ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ពលរដ្ឋ បើឃើញគ្រាប់មីន កុំប៉ះ កុំដំ កុំដុត ឬគប់លេង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ បើឃើញគ្រាប់មីន ឬគ្រាប់មីនទាន់ផ្ទុះ កុំប៉ះពាល់ កុំដំ កុំដុត កុំកែច្នៃ និងកុំគប់លេង ត្រូវរាយការណ៍ទៅអាជ្ញាធរ ជាបន្ទាន់ ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់។

យោងតាមសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៣ សម្ដេចតេជោ បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជនក្រៅសាលា នៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈសកម្មភាពអប់រំដោយ ផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំក៏សូមអំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួម អនុវត្តដូចជា បើបងប្អូនកូនក្មួយឃើញមីន ឬគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ កុំដំ កុំដុត កុំកែច្នៃ និងកុំគប់លេង ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាត មីន ដែលនៅជិតបំផុត ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល»។

សម្ដេចតេជោបន្ដថា ពិសេស កុំប៉ះពាល់វត្ថុដែលសង្ស័យថា ជាមីន ឬគ្រាប់មិនទាន់ផ្ទុះ ហាមទិញ លក់ រក្សាទុក កែច្នៃមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលជាអំពើខុសច្បាប់ ព្រមទាំងកុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថាមានមីន គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន មុនចូលក្នុងតំបន់សង្ស័យទាំងនោះ។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម អប់រំកាត់បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការដោយសារ គ្រឿងផ្ទុះទាំងនេះ ។

ពាក់ព័ន្ធគ្រាប់មីននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីឆ្នាំ២០២២ បានបង្កើតគម្រោងមួយក្នុងគោលដៅបំបាត់គ្រាប់មីនឲ្យអស់នៅកម្ពុជា ។ ក្រោយដាក់ចេញគោលដៅ គិតមកទល់ពេលនេះ មានខេត្តចំនួន៧ហើយដែលមានផ្ទៃដីអស់មីន គឺមានខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ និងកំពង់ចាម ។ តាមគម្រោងក្រោយចប់ចូលឆ្នាំខ្មែរ ៤ខេត្តទៀត ក៏នឹងត្រូវប្រកាសជាបន្តបន្ទាប់ថា ជាខេត្តអស់មីនផងដែរ។
បើតាមការអះអាងរបស់អង្គភាពស៊ីម៉ាក់គឺក្នុងឆ្នាំ២០២៣ មានផែនការបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ ជាង ២៦៨គីឡូម៉ែត្រក្រឡា ឬអាចពង្រីកដល់ ៣០០គីឡូម៉ែត្រក្រឡា ដើម្បីឆ្លើយតបតាមសំណើអន្តរាគមន៍បន្ទាន់ពីពលរដ្ឋ និងធានាសុខសុវត្ថិភាពសង្គមជាតិ៕

To Top