ព័ត៌មានជាតិ

សម្ដេច ស ខេង បន្ទោសអភិបាលរាជធានី-ខេត្ត មួយចំនួនស្ងាត់ ដូចចោរលួចសេះ មិនខ្ចីរាយការណ៍មកក្រសួង ពាក់ព័ន្ធបណ្ដឹងពលរដ្ឋ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្ដីបន្ទោសអភិបាលរាជធានី-ខេត្ត មួយចំនួនថា ស្ងាត់ដូចចោលលួចសេះ ដោយមិនខ្ចីរាយការណ៍ មកក្រសួងមហាផ្ទៃវិញ ពាក់ព័ន្ធទៅនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ។

សម្ដេច ស ខេង លើកឡើងបែបនេះ ក្រោយពីក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ រួចហើយ ក្រសួងធ្វើលិខិត ទៅបណ្ដាខេត្តសាមី ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ប៉ុន្តែមិនឃើញតបមកវិញ ។

នាឱកាសអញ្ជើញបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យ លទ្ធផលការងារឆ្នាំ២០២២ និងផ្តល់អនុសាសន៍លើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច ស ខេង បានស្នើអភិបាលរាជធានី-ខេត្ត បន្ដយកចិត្តទុកដាក់ពាក្យបណ្ដឹង សំណើ សំណូមពរ និងការទាមទារនានា របស់ប្រជាពលរដ្ឋ ។

សម្ដេចបន្ដថា ក្រសួងមហាផ្ទៃ នាឆ្នាំ២០២២ កន្លងទៅ ទទួលបានសំណើ សំណូមពរ សូមអន្ដរាគមន៍ នូវពាក្យបណ្ដឹងនានា របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងដីធ្លី មានរហូតដល់១៤៥ករណី ក្នុងរាជធានី-ខេត្ត។

សម្ដេច ស ខេង មានប្រសាសន៍ថា «ក្រសួងមហាផ្ទៃ បានធ្វើលិខិតបញ្ជូនទៅរាជធានី-ខេត្ត ប៉ុន្ដែមកដល់ពេលបានតែប្រាំរាជធានី-ខេត្ត ប៉ុណ្ណោះ ដែលបានឆ្លើយតបមកវិញ ឬក៏ផ្ដល់របាយការណ៍មាន៦ករណី គឺខេត្តមណ្ឌលគិរី មួយករណី, ខេត្តព្រះសីហនុ ពីរករណី, កោះកុង មួយករណី, សៀមរាប មួយករណី និងស្វាយវៀង មួយករណី។ ប៉ុន្ដែក្រៅពីហ្នឹងស្ងាត់ដូចចោលលួចសេះ មិនខ្ចីរាយការណ៍ មិនព្រមធ្វើ មិនព្រមរាយការណ៍ វាម៉េច? ឥឡូវសូមពិនិត្យឲ្យខ្ញុំ គ្រប់ខេត្ត ដែលមិនទាន់ដោះស្រាយ ម៉េចមិនបានយកចិត្តទុកដាក់ដោះស្រាយ?»។

លើសពីនេះ សម្ដេចឧបនាយករដ្ឋមន្ដ្រី ក៏បានយល់ថា បញ្ហាទាំងនេះ គឺមិនស្រួលឡើយ ប៉ុន្ដែលំបាកយ៉ាង ណាក៏ដោយ គឺត្រូវបញ្ជូនរបាយការណ៍ មកក្រសួងវិញ ហើយបញ្ជាក់មូលហេតុឲ្យបានត្រឹមត្រូវ។ សម្ដេច ថា តើមានឧបសគ្គរឿងអ្វី?។ សម្ដេច ក៏ណែនាំអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ ដោះស្រាយជូនប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ សម្ដេចលើកឡើងថា ក្នុងឆ្នាំ២០២២ គេហទំព័រហ្វេសប៊ុក របស់សម្ដេច ក៏បានទទួលមតិយោបល់ និងសំណូមពរនានា ពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិជាង ១.៧០០ករណី ។ ក្នុងនោះ មានករណីដែលត្រូវដោះស្រាយ ចំនួនជាង១.៤០០ករណី បានដោះស្រាយឆ្លើយតបរួចចំនួនជាង៨០០ករណី និងមានករណីជាង៣០០ទៀត ជាអនុសាសន៍ និងព័ត៌មានល្អៗ សម្រាប់អនុវត្តការងារ៕

To Top