ព័ត៌មានជាតិ

សម្ដេចតេជោ អញ្ជើញបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ។

យោងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សភាពការណ៍សន្ដិសុខ និង សមិទ្ធផលធំៗ ដែលក្រសួងមហាផ្ទៃ ខិតខំសម្រេចបាន ក្នុងឆ្នាំ២០២២ គឺអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ ឯករាជ្យ ព្រមទាំងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទជាដើម។

របាយការណ៍ដដែលបន្ដថា ក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមរក្សាការពារបានយ៉ាងរឹងមាំ នូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិ និងខឿនសន្តិសុខជាតិ ដោយបញ្ចៀស បាននូវអំពើភេរវកម្ម ខិតខំបង្ការ ទប់ស្កាត់ បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងរាល់សកម្មភាពនានា ដែលប៉ុនប៉ងបង្កឲ្យមានភាព ចលាចលវឹកវរក្នុងសង្គម ។

លើសពីនេះ កងកម្លាំងនគរបាលជាតិ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ បានសហការការពារសុវត្ថិភាពទាំងស្រុងថ្វាយអង្គព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ឥស្សរជនជាតិ និងគណៈប្រតិភូបរទេសនានាដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងរក្សា ការពារសន្តិសុខ សុវត្ថិភាពនៃព្រឹត្តិការណ៍នានារបស់ជាតិ ជាពិសេសការធានារក្សាសន្តិសុខសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងការការពារសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ សន្និសីទអាស៊ានណាប៉ូល លើកទី៤០ និងកិច្ចប្រជុំអន្តរជាតិជាច្រើនទៀត៕

To Top