ព័ត៌មានជាតិ

សម្តេចតេជោ ៖ គ្មានអ្វីចំលែកទេ ដែល ស៊ន តារា វាយប្រហារព្រះមហាក្សត្រ និងនាយករដ្ឋមន្រ្តី ព្រោះសូម្បីតែឪពុកក៏ប្រមាថបាន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងចំៗទៅកាន់ លោក ស៊ន តារា ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ជាពិសេសគឺប្រឆាំង នឹងសកម្មភាពសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ហើយជាអ្នកគាំទ្រយ៉ាងផ្កាប់មុខ លើលោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេសថា កំពុងមានកំហុសយ៉ាងធំ ក្រោយបានប្រើភាសាមិនពិរោះស្តាប់ ទៅកាន់ឪពុកបង្កើតរបស់ខ្លួន ដែលភាសានោះ មានលក្ខណៈប្រមាថយ៉ាងធ្ងន់ធ្ងរ ទៅលើឪពុក។ នេះបញ្ជាក់ថា គ្មានអ្វីចំលែកនោះទេដែល ស៊ន តារា វាយប្រហារព្រះមហាក្សត្រ និងនាយករដ្ឋមន្រ្តី ព្រោះសូម្បីតែឪពុកខ្លួន ក៏ប្រមាថបានដែរ។

លោក ស៊ន តារា ត្រូវបានគេដឹងថា មានឪពុកឈ្មោះ លោក សុខ ស៊ុនណារ៉េត ជាមន្រ្តីយោធានៅខេត្តកំពងស្ពឺ ដែលជាអ្នកស្មោះស្ម័គ្រ ជាមួយគណបក្សប្រជាជនកម្ពុជា ជិត៤០ឆ្នាំមកហើយ ។

ប៉ុន្តែថ្មីៗនេះ មិនដឹងថា មានមូលហេតុអ្វីនោះទេ បានជាលោក សុខ ស៊ុនណារ៉េត ជាឪពុករបស់ ស៊ន តារា បច្ចុប្បន្នជាមន្ត្រីយោធាមានតួនាទី ជានាយរងសេនាធិការ នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ បានចេញមកទំលាយពីអត្តចរឹករបស់កូនគាត់ គឺ ស៊ន តារា ។ ក្នុងសារចេញទំលាយពីចរឹកកូនប្រុសនេះ លោក សុខ ស៊ុនណារ៉េត បានអះអាងថា ស៊ន តារាធ្លាប់បានប្រើពាក្យសម្តីប្រមាថ និងមាក់ងាយលោកជាឪពុកថា «ប៉ាឯងចេះមិនដល់ខ្ញុំទេ។ ប៉ាឯងមិនបាច់និយាយជាមួយខ្ញុំទេ។ ប៉ាឯងរៀនមិនដូចខ្ញុំទេ។ មិនបាច់និយាយជាមួយខ្ញុំទេ»។

បើតាមលោក សុខ ស៊ុនណារ៉េត ដែលកូនប្រុសគាត់ប្រើសំដីបែបនេះ បន្ទាប់ពីគាត់បានឲ្យកូនប្រុស កុំទៅពាក់ព័ន្ធជាមួយក្រុមប្រឆាំង ហើយងាកមកបក្សកាន់អំណាច ដែលជាបក្សរកសុខសន្តិភាព ជូនជាតិពីបាត់ដៃទទេរ ប៉ុន្តែកូនប្រុសមិនស្តាប់ហើយ បែរជាមកប្រមាថលោក ជាឪពុកវិញ ។ ក្រោយឪពុក លោក ស៊ន តារា ចេញមកទំលាយចរឹកកូនហើយ ម្តាយរបស់ ស៊ន តារា ក៏បានហៅកូនឲ្យមករួមរស់ ជាមួយក្រុមគ្រួសារ នៅលើទឹកដីកំណើតវិញផងដែរ។ ចំពោះឪពុកស្តីថាឲ្យខ្លួនរួចហើយ ស៊ន តារា ក៏បានចេញមកបកស្រាយដែរថា ឪពុកលោកឈប់និយាយ លោកជាយូរមកហើយ ។

នាឱកាសអញ្ជើញចែកសញ្ញាប័ត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃ២៤ កុម្ភៈ សម្ដេចតេជោ បានហៅស៊ន តារា ថាជាក្មួយ ។ ដោយសម្តេចថា តើឲ្យស្រឡាញ់អ្នកណាបាន បើសូម្បីតែឪពុកម្តាយខ្លួនឯង មិនស្រឡាញ់ផងហ្នឹង? ដូច្នេះ ស៊ន តារា កុំភ្លេចកំណើតខ្លួនឯង ព្រោះឪពុក-ម្តាយជាអ្នកផ្តល់ឲ្យ។

សម្ដេចតេជោគូសបញ្ជាក់ថា «ស៊ន តារា ក្មួយស្ដាប់ពូឲ្យច្បាស់ វាមិនចម្លែកទេ បើក្មួយប្រមាថឪពុកខ្លួនឯងថា ប៉ាឯងកុំចេះ ខ្ញុំរៀនចេះជាងប៉ាឯង ប្រសិនបើក្មួយប្រើភាសាដូចអ្វី ដែលឪពុករបស់ក្មួយឯងនិយាយ ក្មួយខុសធំហើយ»។

សម្ដេចតេជោបន្ថែមថា “បើ ស៊ន តារា ធ្វើដាក់ឪពុក-ម្ដាយ របស់ខ្លួនឯងហើយ មិនចាំបាច់គិតនោះទេ ចំពោះការវាយប្រហារ ទៅលើអ្នកដទៃ រាប់ទាំងការវាយប្រហារ លើព្រះមហាក្សត្រ និងវាយប្រហារលើនាយករដ្ឋមន្ត្រីផងដែរ”។

សម្ដេចតេជោបញ្ជាក់ឲ្យដឹងទៀតថា ជារឿងអគុណធម៌ និងអសីលធម៌ខ្លាំងណាស់ ដែលឪពុកម្តាយរបស់ខ្លួនប្រឹងប្រែង ឲ្យកូនរៀនបានរស់ និងរៀនសូត្ររហូតក្លាយបណ្ឌិតសាស្ត្រាចារ្យ បែរជា ស៊ន តារា មកបន្តុះបង្អាប់ឪពុក-ម្តាយ ជាមនុស្សល្ងង់ទៅវិញ៕

To Top