ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហា ទំនាស់នានារបស់បងប្អូន ប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព នៅក្រៅប្រព័ន្ធតុលាការ។

ការថ្លែងបែបនេះរបស់អភិបាល ខេត្តស្វាយរៀងបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៤ ខែកុម្ភះឆ្នាំ២០២៣ ។

លោកអភិបាលខេត្ត បានថ្លែងនូវ ការកោតសរសើរ និងអរគុណ ចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលខិតខំចូលរួមការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំង ខេត្តបានល្អប្រសើ និងត្រូវបន្តរៀបចំផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ការពិព័ណ៌ភូមិមួយផលិតផលមួយ និងកម្មវិធីសង្ក្រាន្តស្វាយរៀង ឆ្នាំ២០២៣ខាងមុខនេះ ។

លោកអភិបាលខេត្ត បានដាក់ចេញ នៅទិសដៅសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
*១- រដ្ឋបាលសាលាខេត្ត ត្រូវរៀបចំកម្មវិធីប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
*២-អាជ្ញាធរ ក្រុង-ស្រុក ត្រូវពង្រឹងការការ នុវត្តការគ្រប់គ្រង របស់រដ្ឋឱ្យមានប្រសិទ្ធភាព ។
៣.អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អ ក្នុងមូលដ្ឋានរបស់ខ្លួន ។
*៤.អាជ្ញាធរក្រុង-ស្រុក ត្រូវជម្រុញការផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គីភ័យ។
*៥.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។
*៦.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំ រថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់ ។
*៧.ត្រូវបន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេសដូសទី៣ ដូសទី៤ ដូសទី៥ និងដូសទី៦ ៕

