ព័ត៌មានជាតិ

សម្ដេចតេជោ ប្ដេជ្ញាធ្វើឲ្យផ្លូវរថភ្លើងនៅកម្ពុជា ក្លាយជាផ្លូវល្បឿនលឿនទាំងអស់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្ដេជ្ញាធ្វើឲ្យផ្លូវរថភ្លើងនៅកម្ពុជា ក្លាយទៅជាផ្លូវល្បឿនលឿនទាំងអស់ ដោយលើកទឹកចិត្តដល់បណ្ដាប្រទេសនានា ធ្វើការវិនិយោគផ្លូវរថភ្លើងល្បឿនលឿននេះ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោមានប្រសាសន៍ថា រថភ្លើងនៅកម្ពុជាសព្វថ្ងៃនេះមានល្បឿនតែ ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោងប៉ុណ្ណោះ ខណៈរថភ្លើងល្បឿនលឿនរត់បាន ១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ធ្វើឲ្យចំណេញក្នុងការដឹកជញ្ជូន។

សម្ដេចតេជោបញ្ជាក់ថា «យើង ត្រូវតែធ្វើឲ្យផ្លូវរទះភ្លើងរបស់យើង ក្លាយទៅជារទះភ្លើងល្បឿនលឿនទាំងអស់។ យើង ក៏អំពាវនាវលើកទឹកចិត្តឲ្យ ប្រទេសនានាចូលរួម ហើយចូលរួមធ្វើ BOT ដោយយើងមិនចង់ខ្ចីប្រាក់គេ ក្នុងទំហំមួយដ៏ធំធ្វើផ្លូវរត់ភ្លើងល្បឿលឿន ដែលពីភ្នំពេញ ទៅប៉ោយប៉ែត ពីភ្នំពេញ ទៅក្រុងព្រះសីហនុ ជំនួសឲ្យផ្លូវដែកចាស់»៕

To Top