ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ប្រាប់ធុរកិច្ច អាមេរិក-អាស៊ាន ថា កុំរួញរាក្នុងការទាក់ទង ស្វែងរកការជួយគាំទ្រ ពីស្ថាប័នរដ្ឋ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន ថាកុំរួញរា ក្នុងការទាក់ទងស្វែងរកការជួយគាំទ្រ ពីស្ថាប័នរដ្ឋ នៅកម្ពុជា ពីព្រោះភាពជោគជ័យ នៃវិស័យឯកជន គឺជាភាពជោគជ័យ របស់រាជរដ្ឋាភិបាល។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់គណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council-US-ABC) សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន កាន់តែមានភាពល្អប្រសើរឡើង នាថ្ងៃ២៧ កុម្ភៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបញ្ជាក់ថា «សូមកុំរួញរាក្នុងការទាក់ទងស្វែងរកការជួយគាំទ្រពីស្ថាប័នរដ្ឋ ពីព្រោះភាពជោគជ័យនៃវិស័យឯកជន គឺជាភាពជោគជ័យរបស់រាជរដ្ឋាភិបាលដូចគ្នា ដូចដែលយើងដឹងស្រាប់ហើយថា កំណើនសេដ្ឋកិច្ច និងឱកាសការងារ គឺបានមកពីវិស័យឯកជនមួយភាគធំ»។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាខ្លាំង។

ជាការឆ្លើយតប គណៈប្រតិភូ US-ABC តំណាងក្រុមហ៊ុនធំៗចំនួន៦ ក្រុមហ៊ុនបានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានសន្យាជំរុញក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឲ្យបានច្រើនថែមទៀត ដើម្បីផ្ទេរក៏ដូចជាចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាកាន់តែមានការរីកចម្រើនថែមទៀត៕

To Top