ព័ត៌មានជាតិ

សម្ដេចតេជោ លើកចិត្តឲ្យកងទ័ព កម្ពុជា-សិង្ហបុរី ចែករំលែកបទពិសោធន៍គ្នា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកទឹកចិត្តឲ្យកងទ័ពកម្ពុជា-សិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការ រួមទាំងការចែករំលែក បទពិសោធន៍ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ ធនធានមនុស្សផងដែរ។

សម្ដេចតេជោលើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាត ឲ្យលោកឧត្តមសេនីយ៍ទោ ដាវីត នេអូ (David Neo) មេបញ្ជាការកងទ័ពជើងគោក សិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្ដិភាព។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ដាវីត នេអូ បានសម្ដែងនូវក្ដីរីករាយ ជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេស រវាងកងទ័ព និងកងទ័ព ។ លោកបានពិភាក្សាជាមួយ លោកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយក៏បានកំណត់នូវគោលដៅ កិច្ចសហប្រតិបត្តិការ នៅពេលខាងមុខកាន់តែខ្លាំងឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ។ សម្ដេចតេជោ បញ្ជាក់ថា «លើកទឹកចិត្តឱ្យកងទ័ពទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ រួមទាំងការចែករំលែកបទពិសោធន៍ ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស»៕

To Top