ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន ឲ្យយកចិត្តទុកដាក់បញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ និងគ្រឿងញៀន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន កំពុងតែបង្កការលំបាកដល់ប្រជាពលរដ្ឋ ត្រូវទាមទារឲ្យមានការយក ចិត្តទុកដាក់ខ្ពស់បំផុត ពីកងកម្លាំងនគរបាលជាតិ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីថ្ងៃទី២៧ កុម្ភៈ នាយឧត្តមសេនីយ៍ នេត សាវឿន បានគូសបញ្ជាក់ថា កងកម្លាំង នគរបាលជាតិ បានបង្កើតនូវបរិយាកាស សន្ដិសុខល្អប្រសើរ និងបានធ្វើឲ្យព្រឹត្តិការណ៍សំខាន់ៗ របស់ជាតិដំណើរការបាន ដោយជោគជ័យ ទាំងខ្លឹមសារ ទាំងបរិយាកាសទូទៅ។

នាយឧត្តមសេនីយ៍ បានថ្លែងថា «បញ្ហាប្រឈមមួយចំនួននៅ ចំពោះមុខបច្ចុប្បន្ន ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍, បញ្ហាគ្រឿងញៀន ដែលកំពុងតែបង្កការលំបាកមួយចំនួន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ពីកងកម្លាំងនគរបាលជាតិ ពិសេសអង្គភាព ដែលមានការពាក់ព័ន្ធ» ។

លើសពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្ដាំផ្ញើដល់នាយនគរបាល ជាន់ខ្ពស់ ដែលទើបទទួលបានការតែងតាំង និងគ្រប់ប្រធាននាយកដ្ឋាន -អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងយន្ដការដឹកនាំកងកម្លាំង ដើម្បីជំរុញឲ្យប្រតិបត្តិការបំពេញតួនាទី ក្នុងនាមជាកងកម្លាំងនគរបាលជាតិ ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសត្រូវ មានតម្លាភាព មានព្រហ្មវិហារធម៌ សច្ចធម៌ បើកចិត្តឲ្យទូលាយក្នុង ការដឹកនាំគ្រប់គ្រងកងកម្លាំង និងពង្រឹងសាមគ្គីភាពក្នុងអង្គភាព ទើបសម្រេចការងារបាន៕

To Top