ព័ត៌មានជាតិ

សម្តេច ស ខេង អញ្ជើញបំពេញ ទស្សនកិច្ចនៅវៀតណាម ពីថ្ងៃ៣-៥ មីនា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងដោយបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម ចាប់ពីថ្ងៃទី៣-៥ ខែមីនា ឆ្នាំ២០២៣។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការ សហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងនគរបាលវៀតណាម ។ សម្រាប់ដំណើរទៅវៀតណាមនេះដែរ សម្ដេច ស ខេង ក៏នឹងអញ្ជើញធ្វើជា សហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ ៕

To Top