ព័ត៌មានជាតិ

​រដ្ឋបាលរាជធានីភ្នំពេញ បើកសិក្ខាសាលាអប់រំ​ ផ្សព្វផ្សាយ ការថែទាំសុខភាព

ភ្នំពេញ៖ ​រដ្ឋបាលរាជធានីភ្នំពេញ បានបេីកសិក្ខាសាលាអប់រំ​ ផ្សព្វផ្សាយ ការថែទាំសុខភាព ស្តីពីការយល់ដឹងពីអត្ថប្រយោជន៍ នៃការចាក់វ៉ាក់សាំង ការពារជំងឺ១១មុខ ដល់កុមារ​ ដេីម្បីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា​ ខួបលេីកទី១១២​ ក្រោមមូលបទ​ ស្ត្រីរួមគ្នារក្សាសន្តិភាព​ ដេីម្បីកិច្ចអភិវឌ្ឍន៍ ក្នុងយុគសមយ័ឌីជីថល​ ដែលរៀបចំឡេីង ដោយគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី​ និងកុមាររាជធានីភ្នំពេញ​ សហការជាមួយ មន្ទីរសុខាភិបាល​ និងមន្ទីរកិច្ចការនារី​ នាថ្ងៃទី៣មិនានេះ។

លោក ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​ បានថ្លែងថា ប្រធានបទដែលបានលេីកឡេីង នាពេលនេះ​ គឺមានសារសំខាន់ ឆ្លេីយតបទៅនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណង បន្តរំលេចតំលៃ នៃការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបាន​ ក្នុងការរក្សាសុខសន្តិភាព ក៏ដូចជា​ កំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍ លេីគ្រប់វិសយ័។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ក្នុងភាពជាដៃគូ​ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី​ និងបុរស នឹងចូលរួមដោយស្មេីភាព​ និងស្មេីសិទ្ធិជាមួយប្រជាពលរដ្ឋ នៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់​ និងសកលលោក​ ជាពិសេស នៅក្នុងយុគសមយ័ឌីជីថល​ និងក្នុងរបៀបវារៈស្តារសេដ្ឋកិច្ចសង្គម ក្រោយវិបត្តិជំងឺកូវីដ​ ១៩ក៏ដូចជាការកសាងភាពធន​ រឹងមាំនិងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ពាក់ពន្ធ័នឹងទិវាអន្តរជាតិ នារី៨មិនា​ លោក ម៉ប់​ សារិន​ បន្តថា ស្ត្រីបានតស៊ូរហូតសម្រេចបានជោគជ័យ ក្នុងការទាមទាការទទួលស្គាល់ សិទ្ធិរបស់ស្ត្រី​ និងកំណត់ចេញ នូវអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់ រាល់ទំរង់រេីសអេីងប្រឆាំងនឹងស្ត្រី(CEDAW) ដែលមហាសន្និបាតអង្គការសហប្រជាជាតិ​ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រី​ និងសន្តិភាពពិភពលោក កាលពីថ្ងៃទី១៨​ ធ្នូ​ ឆ្នាំ១៩៧៩។

ចំណែកកម្ពុជា បានក្លាយជាហត្ថលេខី អនុសញ្ញានេះចាប់ពីថ្ងៃទី១៤​ វិច្ឆិកា​ឆ្នាំ១៩៩២មក។ ចាប់តាំងពីពេលនេះមក​ ស្ត្រីកម្ពុជាត្រូវបានទទួលស្គាល់ ពីសង្គមស្ត្រីមានសិទ្ធិគ្រប់គ្រាន់ចំពោះមុខច្បាប់​ និងត្រូវបានការពារដោយច្បាប់​ ស្ត្រីមានសិទ្ធិទទួលបានការអប់រំ​ មានសិទ្ធិទទួលបានការងារ​ និងទទួលបានប្រាក់កំរៃការងារ ស្មេីរបុរសផងដែរ ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានផ្តល់អាទិភាពខ្ពស់ ក្នុងការជំរុញកិច្ចការពារស្ត្រី​ និងលេីកកំពស់សមភាពយេនឌ័រ ដោយបានកំណត់ថា​ ស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ៕

To Top